ប្រជាកសិករខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលដំឡូងមីជាបណ្តើរៗជាមួយទឹកមុខសប្បាយរីករាយ,ខណៈតម្លៃនៅទីផ្សារប្រទេសវៀតណាមប្រសើរជាងឆ្នាំមុន

រតនគិរី ៖ ប្រជាកសិករនៅខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មួញ ខណៈតម្លៃនៅចុងឆ្នាំ២០២៣នេះលក់នៅទីផ្សារប្រទេសវៀតណាមមានតម្លៃសមរម្យប្រសើរជាងឆ្នាំមុន។

នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ប្រជាកសិករមួយក្រុមមានគ្នាប្រមាណ៣០នាក់ដែលជាម្ចាស់ចម្ការរៀងៗខ្លួនកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី គឺធ្វើការប្របាស់ដៃគ្នាមិនយកកម្រៃទេគឺប្រមូលផលរួចរាល់ពីចម្ការមួយតទៅចម្ការមួយទៀតវិលជុំ ហើយពួកគាត់មមាញឹកក្នុងការគាស់ កាប់ហាល ច្រកការ៉ុងដើម្បីយកទុកលក់ឱ្យឈ្មួញ។

ជួបជាមួយកសិករម្នាក់ឈ្មោះឈេវ នា ជនជាតិចារ៉ាយ តំណាងឱ្យប្រជាពលរដ្ឋម្ចាស់ចម្ការបានរៀបរាប់ឲ្យដឹងថា «ជារៀងរាល់ឆ្នាំពួកគាត់ក្នុងភូមិជាមួយគ្នាធ្វើការមិនយកកម្រៃទេគឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផល គឺធ្វើប្របាស់ដៃគ្នាជាទម្លាប់តាំងពីដូនតាមក»។

គាត់បន្តដោយមានទឹកមុខសប្បាយរីករាយថា«បងប្អូនគាត់ម្ចាស់ចម្ការដំឡូងមី ដែលកំពុងគាស់ កោស ហាលមកធ្វើការជុំគ្នាគឺយកបាយពីផ្ទះមកហូបរៀងៗខ្លួនហើយផលដំឡូងមីឆ្នាំនេះបានទិន្នផលច្រើនជាងឆ្នាំមុន គឺក្នុង១ហិកតាបានប្រមាណ១០តោន»។

ម្ចាស់សាយឡូនៅទីរួមស្រុកអូរយ៉ាដាវ(ស្តង់ទិញដំឡូងមីលក់បន្ត)ឈ្មោះហន ចយបានប្រាប់ឱ្យដឹងថា «ពួកគាត់បានប្រមូលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាមតម្លៃ ៤២០ រៀល ហើយបម្តដឹកទៅលក់នៅប្រទេសវៀតណាមបានតម្លៃ៤៦០-៤៦៥រៀល, ប៉ុន្តែឈ្មួញវៀតណាមកាត់ភាគរយក្នុង១តោន១៥-១៨%ទៅតាមប្រភេទដំឡូងមី ដែលមានឫសដី ឫកាកសំណល់ផ្សេងៗ)។រីឯដំឡូងមីស្ងួតតម្លៃក្នុង១គីឡូក្រាម៨៩០ រៀលទីផ្សារនៅប្រទេសវៀតណាម(ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់)»។

លោកសែម សារឿនប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានថ្លែងប្រាប់សារព័ត៏មានBBNនៅព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣នេះថា «ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្តមានចំនួនសរុប១៨,៣៧០ហិកតា ហើយមកដល់ពេលនេះប្រជាកសិករចាប់ផ្តើមប្រមូលផលប្រហែល១៥%»។

លោកបន្តថា នៅស្រុកអូរយ៉ាដាវមានរោងចក្រម្សៅមីជា ទូច ដ៏ធំដោយទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម៤១០រៀល(កាត់១៥% ទៅលើ ឫស ដី កាកសំណល់ផ្សេងៗ)ចំណែកឯតម្លៃប្រមូលទិញដំឡូងមីក្រៀម៧០០រៀលក្នុង១គីឡូក្រាម៕ (ដោយ: ចាប សំអាន )

Leave a Reply

Your email address will not be published. Required fields are marked *