ជិះម៉ូតូជ្រុលបុករថយន្តឆ្លងផ្លូវ ដួលក៏ត្រូវរថយន្តមកពីក្រោយកិនលើយុវជនម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត និងយុវជនម្នាក់ទៀត រងរបួសស្រាល បន្ទាប់ជិះម៉ូតូជ្រុលទៅបុករថយន្ត កំពុងតែបត់ឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតមកក្រោយ កិនលើយុវជនម្នាក់ កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣នៅមុខមជ្ឈមណ្ឌលផ្ដល់ឈាម មន្ទីពេទ្យរុស្ស៊ី ផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ចាន់រ៉ា ហៅផាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស រស់នៅសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តសៀមរាប ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KB-5700 (ស្លាប់អ្នកឌុប) ចំណែករថយន្តដឹកត្រីម៉ាក HYUNDAI ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ3F-6575 អ្នកបើកចុះរត់បាត់ ។ 

សាក្សីម្នាក់និយាយថា ដំបូងគាត់ឃើញយុវជនពីរនាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ពេលនោះមានរថយន្តមិនស្គាល់ម៉ាក បានបត់ឆ្វេង ទើបម៉ូតូជ្រុលបុកពីក្រោយរថយន្ត បណ្ដាលឱ្យដួល ហើយស្របពេលរថយន្តដឹកត្រីមកពីក្រោយ កិនចំយុវជនម្នាក់ដាច់ខ្យល់តែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពត្រូវសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *