ជិះម៉ូតូវ៉ារថយន្ត ទាក់ដៃចង្កូតដួល ខ្ទាតចូលរថយន្តក្រុងកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូវ៉ារថយន្តមួយគ្រឿង រួចទាក់ដៃចង្កូតបណ្ដាលឲ្យដួលខ្ទាតចូលកង់រថយន្តក្រុង កិនស្លាប់កាលពីវេលា ម៉ោង៧យប់ ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ផ្លូវទួលពង្រទល់មុខក្លោងទ្វារវត្តកំពែង សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ព្រឹម ដា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល មានស្រុកកំណើត ខេត្តព្រៃវែង បានជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាក លេខ ភ្នំពេញ1JZ-4225  ចំណែកឯរថយន្តក្រុងរាជធានីភ្នំពេញ ពាក់ស្លាកលេខរដ្ឋ37.3.0205 អ្នក បើកបានចុះរត់បាត់។

សាក្សីនិយាយថា មុនដំបូងគាត់ឃើញជនរងគ្រោះ ជិះម៉ូតូទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿង (មិនចាំម៉ាក ) ចៃដន្យក៏ទាក់ដៃចង្កូត ដួលខ្ទាតមនុស្ស ចូលកង់រថយន្តក្រុង ផ្នែកខាងក្រោយ បណ្ដាលស្លាប់មួយរំពេច ។  តៃរថយន្តក្រុងបានអែបចិញ្ចើមផ្លូវ បើកទ្វារចុះរត់បាត់ ឯរថយន្តដែលទាក់ដៃចង្កូត បានបន្ថែមល្បឿនទៅបាត់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យកមធ្យោបាយទៅរក្សាទុក នៅចរាចរណ៍ភ្នំពេញ ចំណែកសព ប្រគល់ឱ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *