ពូទីនថារុស្ស៊ីគ្មានផែនការវាយប្រហារណាតូទេ និងច្រានចោលការលើកឡើងរបស់បៃដិនថាជា «រឿងមិនសមហេតុសមផល»

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការលើកឡើងមិនសមហេតុសមផលទាំងស្រុងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថា «រុស្ស៊ីនឹងវាយប្រហារប្រទេសណាតូ ប្រសិនបើខ្លួនឈ្នះសង្គ្រាមនៅអ៊ុយក្រែន»ដោយបន្ថែមថា «រុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការប្រយុទ្ធជាមួយសម្ពន្ធមិត្តយោធាណាតូនោះទេ»។

សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងមូស្គូជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ហើយលោកបៃដិនបានព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូនិងរុស្ស៊ីនឹងបង្កឱ្យមានសង្គ្រាមលោកលើកទី៣។

នៅក្នុងការអង្វរកដល់គណបក្សសាធារណរដ្ឋកុំឱ្យរារាំងជំនួយយោធាបន្ថែមទៀតនៅដើមខែនេះ លោកបៃដិនបានព្រមានថា ប្រសិនបើលោកពូទីនបានទទួលជ័យជម្នះលើអ៊ុយក្រែន នោះមេដឹកនាំរុស្ស៊ីនឹងមិនបញ្ឈប់ឡើយ ហើយនឹងវាយប្រហារប្រទេសណាតូ។

លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១៧ ខែធ្នូ) ដោយទូរទស្សន៍រដ្ឋ Rossiya ថា «វាមិនសមហេតុសមផលទាំងស្រុង ហើយខ្ញុំគិតថាប្រធានាធិបតីបៃដិនយល់រឿងនេះ»ដោយបន្ថែមថា «បៃដិនហាក់កំពុងព្យាយាមបង្ហាញលេសដោះសារ គោលនយោបាយខុស របស់គាត់លើរុស្ស៊ី»។

លោកពូទីនបាននិយាយថា «រុស្ស៊ីគ្មានហេតុផល គ្មានចំណាប់អារម្មណ៍ គ្មានផលប្រយោជន៍ភូមិសាស្ត្រនយោបាយទាំងសេដ្ឋកិច្ច នយោបាយ និងយោធា ដើម្បីប្រយុទ្ធជាមួយប្រទេសណាតូនោះទេ»។

សម្ពន្ធភាពណាតូដឹកនាំដោយសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដើម្បីផ្តល់សន្តិសុខលោកខាងលិចប្រឆាំងនឹងសហភាពសូវៀត។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ ណាតូត្រូវបានពង្រីកដើម្បីរួមបញ្ចូលប្រទេសមួយចំនួនដែលជាអតីតសហភាពសូវៀតនិងប្រទេសកតិកាសញ្ញាវ៉ាសូវី។

លោកពូទីនបានចាត់ទុកការពង្រីកខ្លួនក្រោយសង្គ្រាមត្រជាក់របស់អង្គការណាតូម្តងហើយម្តងទៀតជាភស្តុតាងនៃវិធីដ៏ក្រអឺតក្រទមរបស់បស្ចិមលោកក្នុងការដោះស្រាយកង្វល់សន្តិសុខរបស់រុស្ស៊ី។

យោងតាមមាត្រា ៥ នៃសន្ធិសញ្ញាណាតូ «ភាគីនានាយល់ស្របថា ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងពួកគេមួយឬច្រើននៅអឺរ៉ុប ឬអាមេរិកខាងជើង នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់គ្នា»។

លោកពូទីនបាននិយាយថា ការចូលរបស់ហ្វាំងឡង់ទៅក្នុងអង្គការណាតូក្នុងខែមេសានឹងបង្ខំឱ្យរុស្ស៊ី «ប្រមូលផ្តុំអង្គភាពយោធាមួយចំនួន»នៅភាគខាងជើងប្រទេសរុស្ស៊ីនៅជិតព្រំដែនរបស់ពួកគេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *