ការបោះឆ្នោតរបស់អ.ស.បស្តីពីហ្គាហ្សា ត្រូវបានពន្យារពេលមួយថ្ងៃទៀត ចំពេលមានការពិភាក្សាដើម្បីបញ្ចៀសវ៉េតូ របស់អាមេរិក

បរទេស ៖ ក្រុមអ្នកការទូតបាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ធ្នូ ឆ្នាំ២០២៣ថា ការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានពន្យារពេលមួយថ្ងៃទៀត ខណៈដែលកិច្ចពិភាក្សាបន្តព្យាយាមនិងបញ្ចៀសសកម្មភាពវេតូទីបីរបស់សហរដ្ឋអាមេរិកជុំវិញសង្គ្រាមអ៊ីស្រាអែល និង ក្រុមហាម៉ាសរយៈពេលពីរខែមកនេះ។

ក្រុមប្រឹក្សា ដែលមានសមាជិកចំនួន ១៥ ដំបូងឡើយគ្រោងចាប់ផ្តើមបោះឆ្នោតលើពង្រាងសេចក្តីសម្រេចចិត្តដោយប្រទេសអារ៉ាប់រួមអេមីរ៉ាតកាលពីថ្ងៃចន្ទ។ ប៉ុន្តែវាត្រូវបានពន្យារពេលម្តងហើយម្តងទៀត ខណៈដែលអ្នកការទូតនិយាយថា អារ៉ាប់រួមអេមីរ៉ាតនិងសហរដ្ឋអាមេរិកមិនព្រមព្រៀងគ្នាលើភាសា ដោយលើកឡើងពីការបញ្ឈប់អរិភាពនិងសំណើបង្កើតការត្រួតពិនិត្យជំនួយរបស់អ.ស.ប។

នៅពេលសួរថាតើពួកគេជិតឈានដល់កិច្ចព្រមព្រៀងមួយហើយឬនៅ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា«យើងកំពុងព្យាយាម យើងពិតជាកំពុងព្យាយាមមែន»។

ពង្រាងសេចក្តីសម្រេចចិត្តនេះនឹងទាមទារឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាសអនុញ្ញាតនិងសម្របសម្រួលការផ្តល់ជំនួយទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាសទៅកាន់ និងទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ហើយស្នើឱ្យអ.ស.បតាមដានជំនួយមនុស្សធម៌ដែលមកដល់ក្នុងដែនដីប៉ាឡេស្ទីននេះ។

អ្នកការទូតបាននិយាយថា សហរដ្ឋអាមេរិកចង់បន្ទន់ភាសាដែល «អំពាវនាវឱ្យមានការផ្អាកជាបន្ទាន់នូវអរិភាព ដើម្បីអនុញ្ញាតឱ្យមានការចូលប្រើប្រាស់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពនិងគ្មានការរារាំង និងសម្រាប់ជំហានបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់អរិភាពដោយចីរភាព»។

សហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែល​ប្រឆាំង​នឹង​បទ​ឈប់​បាញ់ ព្រោះ​ពួកគេ​ជឿ​ថា​វា​នឹង​ផ្តល់តែ​ប្រយោជន៍​ដល់​ក្រុម​ហាម៉ាស​ប៉ុណ្ណោះ។ ជំនួសមកវិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគាំទ្រការផ្អាកប្រយុទ្ធដើម្បីការពារជនស៊ីវិលនិងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។

ជាប្រពៃណី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនការពារអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនពីសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ អាមេរិកបាន​បោះឆ្នោត​វេតូ​ពីរដង​រួច​មក​ហើយ​នូវ​ចំណាត់ការ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ចាប់តាំងពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ តុលា​ដោយ​ក្រុម​ហាម៉ាស ដែល​អ៊ីស្រាអែល​បាន​និយាយ​ថា​បាន​សម្លាប់​មនុស្ស ១.២០០ នាក់ និង​ឃើញ​មនុស្ស ២៤០ នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *