រថយន្តធុនធំ បើកកិននិស្សិតម្នាក់ លើកំណាត់ផ្លូវជាតិលេខ៤

ភ្នំពេញ ៖ យុវនិស្សិតម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូគេចរថយន្តមួយគ្រឿងឆ្លងផ្លូវជ្រុលទៅចូលក្រោមរថយន្តសណ្តោងរ៉ឺម៉កកិន ។ ហេតុការនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ខាងមុខច្រកចូលសាលាខណ្ឌកំបូលភូមិគល់ សង្កាត់កន្ទោគ ខណ្ឌកំបូល រាជធានីភ្នំពេញ។កើតហេតុនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃពុធ ទី២០ ខែធ្នូឆ្នាំ ២០២៣ ។

តាមសាក្សីពីកន្លែងកើតហេតុបានដឹងថា ដំបូងគេឃើញយុវជនខាងលើជិះម៉ូតូមម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ កណ្តាល1AO-2824 ម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិ៤ ,លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកព្រុសមួយគ្រឿងបើកឆ្លងផ្លូវ ហើយជនរងគ្រោះបានជិះគេចមកឆ្វេងជ្រុលទៅចូលក្រោមរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ កំពង់ចាម 3B-0101 បើកបរបញ្ច្រាស់ទិសគ្នា បានកិនលើជនរងគ្រោះតែម្តង។

សមត្ថកិច្ចនិយាយថា យុវជនរងគ្រោះមានឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជានិស្សិតអគ្គីសនីជាន់ខ្ពស់ មានទីកំណើតនៅ ស្រុកសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចរង់ចាំប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ (ដោយ ៖ សុជាតិ 13)

Leave a Reply

Your email address will not be published. Required fields are marked *