ឆក់ទូរសព្ទបានហើយ បើកម៉ូតូរត់បុកម៉ូតូដឹកបន្លែរបួស ក្រោយមកដាច់ខ្យល់

ភ្នំពេញ ៖ ជនសង្ស័យឆក់ទូរសព្ទតាមផ្លូវសាធារណៈបានសម្រេចម្នាក់ចំណោម២នាក់ រួចជិះគេចខ្លួនទៅបង្កជាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យជនសង្ស័យរងរបួស ក្រោយមកបានដាច់ខ្យល់ នាថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៣វេលាម៉ោង៤និង៤៥នាទីនៅចំណុចលើផ្លូវមហាវីថីចោមចៅ ភូមិត្រពាំថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ រឺ ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ស្លាប់)និង ២-ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ១៨ឆ្នាំ (ឃាត់ខ្លួនថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក)។សម្ភារដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1KH-1311ស៊េរីឆ្នាំ2023។

ចំណែកជនរងគ្រោះឈ្មោះ ស.ស.ណ.ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។សម្ភារៈបាត់បង់ ទូរសព្ទ១គ្រឿងម៉ាក I phone14pro max ពណ៌ស្វាយ ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង៤និង៤៥នាទីជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការងារត្រឡប់ទៅបន្ទប់ជួលវិញមកដល់ចំណុចលើផ្លូវមហាវីថី ចោមចៅទល់មុខផ្សារកាណាឌីយ៉ា ស្ថិតនៅភូមិត្រពាំងថ្លឹង២ ក៏មានគ្រួសារខលមកហើយជនរងគ្រោះបានលើទូរសព្ទនិយាយ។ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង បានជិះមកក្បែរជនរងគ្រោះហើយបានធ្វើ សកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះបានសម្រេចរួចជិះម៉ូតូរត់។

ពេលនោះជនរងគ្រោះបានជិះម៉ូតូដេញតាមក្រោយពីកើត ទៅលិចស្របទិសគ្នា ស្រែកថាចោរៗភ្លាមៗនោះជនសង្ស័យបានជិះម៉ូតូរត់មកដល់ចំណុចមុខផ្សារត្រពាំងថ្លឹង ជនសង្ស័យបានជិះម៉ូតូឆ្លងទ្រូងផ្លូវទៅម្ខាងក្នុងទិសដៅបញ្ច្រាស់ពីមុខផ្សារត្រពាំងថ្លឹងរហូតមកដល់ខាងមុខរោងចក្រ៦ជាន់ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ ក៏បានបុកជាមួយម៉ូតូអ្នកដំណើរ១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1KH- 8355 បណ្តាលឱ្យរបួស ហើយម៉ូតូជនសង្ស័យបានបន្តទៅបុកជាមួយម៉ូតូរ៉ឺម៉កដឹកបន្លែដួលម៉ូតូបោកទៅលើខឿនផ្លូវបណ្តាលឱ្យសន្លប់។

សមត្ថកិច្ចបន្តថា បន្ទាប់មកជនរងគ្រោះជាម្ចាស់ទូរសព្ទនិងអ្នកដំណើរបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ រឺ ណារ៉ាក់ រួចប្រគល់ឱ្យសមត្ថកិច្ច សួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ។ ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរសព្ទរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ ។

ចំណែកជនសង្ស័យរឺ ណារ៉ាក់មិនស្រួលខ្លាំង កម្លាំងនគរបាលចោមចៅទី១បានទូរសព្ទហៅរថយន្តសង្គ្រោះ(199)របស់អង្គភាពសុខាភិបាលយោធា ង៧០ ចុះមកដឹកជនរង គ្រោះដើម្បីទៅសង្គ្រោះនៅមន្ទីពេទ្យ ប៉ុន្តែអកុសលជនសង្ស័យបានដាច់ខ្យល់តែម្តង ។ ក្រោយមកកម្លាំងជំនាញការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យលើដងខ្លួនសពជន សង្ស័យដើម្បីរកមូលហេតុដែលបណ្តាលឱ្យស្លាប់ បានសន្និដ្ឋាន «ស្លាប់ដោយសារប៉ះទង្គិចក្បាល និង ខ្លួនបានធ្ងន់ធ្ងរ»។

សពត្រូវបានប្រគល់ឱ្យទៅម្តាយបង្កើតឈ្មោះ សាយ សំអាត ភេទស្រីអាយុ ៤៣ឆ្នាំ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតស្ថិតនៅភូមិព្រែកទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *