បើកម៉ូតូទាក់ដៃចង្កូតរថយន្ត ដួលត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនពីលើ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូឈ្ងោកចុចទូរសព្ទបណ្ដាលទាក់ដៃចង្កូតរថយន្តមួយគ្រឿង បណ្តាលឱ្យដួល គាប់ជួនមានរថយន្តកុងតឺន័រ មកពីក្រោយកិនពីលើ នៅវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ផ្លូវ២០១២ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ រៀម សុីណេត អាយុ២៦ឆ្នាំ មុខរបជាងជួសជុលទូរសព្ទ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយម្តាយ ក្បែផ្សារបឹងបៃតង ក្នុងខណ្ឌសែនសុខ មានស្រុកកំណើត នៅខេត្តសៀមរាប ជិះម៉ូតូម៉ាក  YAMAHAពាក់ស្លាកលេខ ភ្នំពេញ 1HE-2699 ។ 

សាក្សីប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០១២ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម បានដកទូរសព្ទចេញពីហោប៉ាវខោរួចចុច ពុំដឹងថាតេទៅខាងណានោះទេ ពេលនោះជ្រុលទៅទាក់ដៃចង្កូតរថយន្ត ហាយឡែនឌ័រមួយគ្រឿង មិនចាំស្លាកលេខ ដែលបើកបរស្របទិសគ្នាបណ្តាលឱ្យដួលខ្ទាតទៅកណ្តាលផ្លូវ គាប់ជួនរថយន្តកុងតឺន័រ មកពីក្រោយក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏កិនចំតែម្ដង ។ រថយន្តហាយឡែនឌ័របានបន្ថែមល្បឿនទៅបាត់ ឯខាងរថយន្តកុងតឺន័រ តៃកុងរត់ចោលឡាន ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូនិងរថយន្ត ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ, ចំណែកសពត្រូវបានក្រុមសង្រ្គោះកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកយកទៅដំកល់នៅវត្តទឹកថ្លា និងបានចូលបច្ច័យសព ចំនួន២០០០០០រៀល (ម្ភៃមុឺនរៀល)ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *