ស្រ្តីម្នាក់ជិះម៉ូតូទាក់ខ្សែភ្លើងដែលធ្លាក់កាត់ទទឹងផ្លូវបណ្តាលឱ្យដួលបោកក្បាល

ភ្នំពេញ ៖ ស្រ្តីម្នាក់បានដួលបោកក្បាលរហូតបាត់បង់ជីវិតភ្លាមៗ ខណៈពេលជិះម៉ូតូមិនប្រយ័ត្នបានជ្រុលទៅទាក់ខ្សែភ្លើងដែលធ្លាក់កាត់ទទឹងផ្លូវភ្នំពេញ-ហាណូយ កើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ចំណុចជិតហ្គ្រែនភ្នំពេញ លើផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចនិយាយថា សពឈ្មោះ រស សុខកញ្ញា ភេទស្រី អាយុ៣០ឆ្នាំ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសាក្សីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញនារីរងគ្រោះបានជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AK-8487 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម។

លុះជិះមកដល់ចំណុចកើតហេតុខាងលើជិតច្រកបត់ចូលហ្គ្រែនភ្នំពេញ ស្រាប់តែមានខ្សែភ្លើងមួយខ្សែបានធ្លាក់មកកាត់ទទឹកផ្លូវ ធ្វើឱ្យនារីរងគ្រោះជិះទាក់បណ្តាលឱ្យដួលបោកក្បាលបាត់បង់ជីវិតភ្លាមៗពេលនោះដែរប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏បានទាក់ទងទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ឃ្មួញចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។មិនទាន់មានអង្គភាពណាមកទទួលខុសត្រូវចំពោះខ្សែភ្លើងធ្លាក់កាត់ទទឺងផ្លូវ នៅឡើយ ៕(ដោយ ៖ BBN19)

Leave a Reply

Your email address will not be published. Required fields are marked *