ពិភពលោក​កំពុង​រង់ចាំ​អាមេរិក ខណៈ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អំពីតំបន់​ហ្គាហ្សា​ជាប់គាំង

អ.ស.ប. ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែធ្នូឆ្នាំ២០២៣នេះ នឹងព្យាយាមម្តងទៀតដើម្បីអនុម័តសេចក្តីសម្រេចចិត្តដែលអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបន្ទាប់ពីការខិតខំប្រឹងប្រែងពីមុនដើម្បីទទួលបានការគាំទ្រពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបរាជ័យ។

ជម្លោះការទូតនៅទីស្នាក់ការអង្គការសហប្រជាជាតិកណ្តាលសង្កាត់ Manhattan នៃក្រុងញូវយ៉ក ដែលបណ្តាលឱ្យការបោះឆ្នោតត្រូវបានពន្យារពេលម្តងទៀតកាលពីថ្ងៃពុធនោះ បានកើតឡើងក្នុងពេលដែលស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សានិងចំនួនអ្នកនាត់បង់ជីវិតកំពុងកើនឡើង។

អារ៉ាប់រួមអេមីរ៉ាតគឺជាអ្នកចេញពង្រាងសេចក្តីសម្រេចចិត្តលើជម្លោះនេះ ដែលបានកែប្រែឱ្យមានទម្ងន់ខ្សោយជាងមុនរួចទៅហើយដើម្បីទទួលបានការសម្របសម្រួល នេះបើយោងតាមពង្រាងដែលមើលឃើញដោយ AFP ។

សេចក្តីសម្រេចចិត្តនេះអំពាវនាវឱ្យមាន «ការផ្អាកជាបន្ទាន់នៃអរិភាព ដើម្បីអនុញ្ញាតឱ្យមានការចូលប្រើប្រាស់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពនិងគ្មានការរារាំង និងសម្រាប់ជំហានបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់អរិភាពដោយចីរភាព»។

ឯកអគ្គរដ្ឋទូតរបស់អារ៉ាប់រួមអេមីរ៉ាត លោកស្រី Lana Zaki Nusseibeh បាននិយាយថា ប្រទេសនានា «កំពុងចូលរួមក្នុងកម្រិតខ្ពស់បំផុតនៃការទូតដើម្បីឈានដល់អត្ថបទដែលនឹងមានឥទ្ធិពលលើរឿងជាក់ស្តែង។ ការទូតគឺត្រូវការពេលវេលា»។

ប្រសិនបើរឿងនេះបរាជ័យ នោះយើងនឹងបន្តការព្យាយាមទៀត…មានការរងទុក្ខច្រើនពេកហើយនៅនឹងកន្លែងមិនអាចឱ្យក្រុមប្រឹក្សាបន្តបរាជ័យលើរឿងនេះបានឡើយ។

សមាជិកនៃក្រុមប្រឹក្សាដែលមាន ១៥ ប្រទេសបាននិងកំពុងពុះពារជាច្រើនថ្ងៃដើម្បីស្វែងរកមូលដ្ឋានរួមលើសេចក្តីសម្រេចចិត្ត ដែលការបោះឆ្នោតត្រូវបានរុញច្រានមកវិញជាច្រើនដងចាប់តាំងពីថ្ងៃចន្ទ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *