បំបែកសម្បុក មេលក់ថ្នាំញៀន នៅផ្លូវ៦០ម៉ែត្រ ចាប់បាន០៤នាក់

ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន ជាបន្តបន្ទាប់ និងដកហូតថ្នាំញៀន រាប់សិបគីឡូក្រាម ជាមួយវត្ថុតាងសន្ឋឺកសន្ធាប់ ក្រោយចាប់ខ្លួនជនសង្ស័យ០២នាក់ ជំនាញលក់ថ្នាំញៀន នៅផ្លូវ៦០ម៉ែត្រ ។ 

ថ្លែងក្នុងអង្គសន្និសីទសារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន នៃ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ បានបង្ហាញថា ​«សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់  ពីបទ កែ​ច្នៃ ផលិត រក្សា​ទុកនិង​ជួញដូរ​នូវ​សារធាតុ​ញៀ​ន​ដោយ​ខុសច្បាប់»។ 

​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង និង​លោក​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿ​ង​ញៀ​ន​នោះ កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣មាន​ប្រជាពលរដ្ឋ​ល្អ ​បាន​មក​រាយការណ៍​ ជូន​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន (​ក​១១) ថា មានមុខ​សញ្ញា​តែងតែ​ប្រព្រឹត្ត​សកម្មភាព​ជួញដូរ ​​សារធាតុ​ញៀ​ន នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ ម៉ូតូ​១​គ្រឿង ​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1AH-5938 ។

លោកឧត្តមសេនីយ៍ឯក បានបន្តថាលុះដល់​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ បានឃ្លាំមើល ក៏​​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ជិះម៉ូតូ​១​គ្រឿង ​ភិនភាគ​ដូច​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ទើប​ឃាត់ខ្លួន ហើយ​ពិនិត្យ​ឃើញ​​សារធាតុ​ញៀ​ន​មួយ​ចំនួន ។ 

ជានីតិវិធី វេលាយប់ថ្ងៃដដែល សមត្ថកិច្ចក៏ឈាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ចំណុច​បុរី​វីឡា​ថោ​ន មុខ​ផ្ទះ​លេខ L-65 ផ្លូវ​លេខ V-16 ស្ថិត​ក្នុងភូមិ​ទួលរ​ការ សង្កាត់ចាក់អង្រែក្រោម និង​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ចំណុច​មុខ​បុរី​វីឡា​ថោ​ន ផ្លូវ​៣០​ម៉ែត្រ ​ទើប​ឆែកឆេរ​ផ្ទះ​លេខ L-65 ។

ជា​លទ្ធផល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុសបាន​ចំនួន​៤​នាក់ ក្នុង​រួម​មាន ៖ ១-​ឈ្មោះ ឡេ មិន​ហ៊ុយ ជា​ជនជាតិ​វៀតណាម ។ ២- ឈ្មោះ ចឹ​ង ង៉ុ​ក​ហ្វា​ក ជា​ជនជាតិ​វៀតណាម ។ ៣- ឈ្មោះ ជា ជេ​ក (XIE JIE) ជា​ជនជាតិ​ចិន និង​៤- ឈ្មោះ ភី ភី (PEI PEI) ជា​ជនជាតិ​ចិន ។ ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក រួម​មាន ៖ ១- សារធាតុ​ញៀ​ន​សុទ្ធ​ចំនួន​៥៨​គីឡូ២២៤ ក្រាម ។ ២- សារធាតុ​មិន​ច្បាស់លាស់​សម្រាប់​ផលិត​គ្រឿ​ង​ញៀ​ន​ជាង​៣០០​គីឡូក្រាម​។ ៣- ម៉ាស៊ីន​កែ​ច្នៃសម្រាប់​ផលិត​គ្រឿ​ង​ញៀ​ន​ចំនួន​២​គ្រឿង ។ ៤- ម៉ូតូ​ចំនួន​៣​គ្រឿង ។ និង​៥- ទូរស័ព្ទ​ចំនួន​៤​គ្រឿង ។

ក្រោយ​ពី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ខាងលើ​នេះ​ហើយ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ៕ (ដោយ ៖សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *