រកឃើញទំនិញផលចោរកម្ម ក្នុងផ្ទះនគរបាលម្នាក់

ភ្នំពេញ ៖ សម្លៀកបំពាក់រាប់ពាន់សម្រាប់ ដែលគេលួចចេញពីរោងចក្រនានា យកមកលក់និងស្តុកទុក នៅផ្ទះនគរបាលម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងឆែកឆេររកឃើញ ក្រោយទទួលពាក្យបណ្ដឹងពីថៅកែៗរោងចក្រ ។ 

សមត្ថកិច្ចផែននគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ ដោយបានការចង្អុលបង្ហាញ ពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ  និងរាជធានីភ្នំពេញ  លោករ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កំពង់ស្ពឺ បានដឹកនាំនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលរាជធានីភ្នំពេញ ឆែកឆេរផ្ទះលេខ១០៥ ផ្លូវ៥១៩Gភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបន្តថា លំនៅដ្ឋានខាងលើ មានម្ចាស់ផ្ទះឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជានគរបាលក្រសួងមហាផ្ទៃ ជាម្ចាស់ទីតាំងទទួលចោរកម្ម ក្នុងអំពើចោរលួច គាស់រោងចក្រ យកសម្លៀកបំពាក់។ សមត្ថកិច្ចដកហូតបាន សម្លៀកបំពាក់របស់រោងចក្របានចំនួន១១១៩ និងនៅសល់ច្រើនទៀត រង់ចាំម្ចាស់រោងចក្ររោងចក្រ មកពិនិត្យ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *