ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បណ្តាលឱ្យមនុស្សដល់ទៅ១០០នាក់បាត់បង់ជីវិត នៅហ្គាហ្សា

បរទេស ៖ នៅឯពិធីបុណ្យសពនៅតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ទី២៥ ធ្នូ ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីននាំគ្នាគ្របក្រណាត់សដែលមានសាកសពមនុស្សយ៉ាងហោចណាស់ ៧០ នាក់ ដែលមន្រ្តីសុខាភិបាលប៉ាឡេស្ទីននិយាយថាត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលផ្តោតលើជំរំ Maghazi នៅកណ្តាលតំបន់ឡោមព័ទ្ធនេះ។

ករណីខាងលើនេះបានកើតឡើងបន្ទាប់ពីរាត្រីនៃការប្រយុទ្ធគ្នារយៈពេល ១១ សប្តាហ៍រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ហើយគេឃើញបុរស​ម្នាក់​បាន​ឱបសព​កូន និងអ្នក​ផ្សេង​ទៀត​សម្តែងអារម្មណ៍ក្តុកក្តួល។

បុរស​ម្នាក់​បាន​និយាយ​ថា «ការ​វាយ​ប្រហារ​គឺ​នៅ​ម៉ោង ២ ទៀបភ្លឺ ។ ជញ្ជាំងនិង​វាំងនន​បាន​ធ្លាក់​មក​លើ​ពួកយើង។ ខ្ញុំបានរត់ទៅរកកូនអាយុ ៤ ឆ្នាំរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំបានរកឃើញគឺដុំថ្ម»។

ការវា.យប្រ.ហារ ដែលបានចាប់ផ្តើមជាច្រើនម៉ោងមុនពាក់កណ្តាលអធ្រាត្រ បានបន្តរហូតដល់ថ្ងៃចន្ទ ហើយប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានបង្កើនការបាញ់ផ្លោងតាមអាកាសនិងដីគោកនៅកណ្តាលតំបន់ហ្គាហ្សា ដោយអ្នកស្រុកនិយាយថា ពួកគេបានរស់ឆ្លងកាត់រាត្រីដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Ashraf Al-Qidra បាននិយាយថា ភាគច្រើននៃអ្នកស្លាប់នៅជំរំ Maghazi គឺជាស្ត្រីនិងកុមារ។ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្សប្រាំបីនាក់ផ្សេងទៀតត្រូវបានសម្លាប់ ខណៈដែលយន្តហោះនិងរថក្រោះរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកទៅលើផ្ទះសម្បែងនានានិងផ្លូវនានាក្នុងសង្កាត់ al-Bureij និង សង្កាត់ al-Nusseirat ក្បែរនោះ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា «ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បានបណ្តាលឱ្យមនុស្ស ២៣ នាក់បាត់បង់ជីវិត ដែលធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតសរុបរបស់ប៉ាឡេស្ទីនពេញមួយយប់មកនេះកើនឡើងដល់ជាង ១០០ នាក់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *