ប្រជាពលរដ្ឋក្រីក្រចំនួន ១៤០គ្រួសារនៅក្រុងបានលុង ទទួលអំណោយពីរាជរដ្ឋាភិបាល

រតនគិរី ៖ រដ្ឋបាលក្រុងបានលុង សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ មកពី ៤សង្កាត់ ក្នុងក្រុងបានលុង ខេត្តរតនគិរី។

ពិធីសំណេះ សំណាល និងចែកអំណោយ ដល់ជនក្រីក្រ នេះបានរៀបចំឡើង នៅបរិវេណមន្ទីរវប្បធម៌ខេត្ត នៅរសៀលថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ លោក លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សមាជិសមាជិកា ក្រុមប្រឹក្សាក្រុងបានលុង ព្រមទាំងលោកចៅសង្កាត់ទាំងបួន ក្នុងក្រុងផងដែរ។

លោក ធូ ឃឿ អភិបាលក្រុងបានលុង បានឲ្យដឹងថា ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅពេលនេះ បានមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដែលត្រូវចែកជូន ប្រជាពលរដ្ឋចំនួន១៤០គ្រួសារ ជាគ្រួសារក្រីក្រ ចាស់ជរា ពិការ មេម៉ាយ មកពី ៤សង្កាត់ ដើម្បីសម្រាលទុក្ខលំបាក និងដោះស្រាយជីវភាពបានមួយគ្រា។ 

លោកអភិបាលក្រុងក៏បានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូន គ្រួសារក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងអតីតយុទ្ធជនក្រីក្របំផុតនៅក្នុងក្រុងបានលុងនៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបានរួមមាន អង្ករ២៥គីឡូ មុងមួយ ភួយមួយ មីមួយកេសតូច ត្រីខ មួយយួរ និង ទឹកត្រីមួយយួរ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានរំលឹកនូវអនុស្សាវរីយ៍ កាលពីសម័យ ៣ឆ្នាំ ៨ខែ ដែលលោកតា លោកយាយ បានឆ្លងកាត់ ដែលជាអនុស្សាវរីយ៍ដ៏ជូចត់បំផុតក្នុងឆាកជីវិតរបស់លោកតា លោកយាយ។ ឯកឧត្ដមក៏បាន បង្កើតភាពស្និតស្នាល និងសួរសុខទុក្ខ ធ្វើឲ្យពួកគាត់មានភាពសប្បាយរីករាយជាទីបំផុត។ 

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ដោយសារនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ហើយមានឱកាសកសាងប្រទេសជាតិ ព្រមទាំងមានឱកាសយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលមានគ្រោះអាសន្ត និងមានទុក្ខលំបាកផងដែរ។ 

ជាក់ស្ដែងកន្លងមក ក៏ដូចជាពេលនេះ រាជរដ្ឋាភិបាល បានជួយជាអំណោយ តាមរយៈមន្ទីរសង្គមកិច្ច ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលជិតដិតជាមួយប្រជាពលរដ្ឋ ដើម្បីជួយឧបត្ថមដល់ពួកគាត់ គ្រាដែលពួកគាត់កំពង់ជួបទុក្ខលំបាកដូចពេលនេះផងដែរ៕ (ដោយ ៖ ចាប សំអាន)

Leave a Reply

Your email address will not be published. Required fields are marked *