រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យមានការបណ្ដុះបណ្ដាលប្រជាការពារបន្ថែម

ព្រៃវែង ៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង  នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញការងារ នៅតាមមូលដ្ឋាន ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាម ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាល តាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬទីកន្លែងត្រូវរៀបចំបណ្ដុះបណ្ដាល ដល់ប្រជាការពារ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា «យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យមានស្តង់ដាតែមួយ ប្រើភាសាតែមួយ ដូចជាការប្រើប្រាស់វិទ្យុទាក់ទង ការផ្ដល់ព័ត៌មានមកឱ្យកងកម្លាំងសមត្ថកិច្ច ឬអ្វីគួរ អ្វីមិនគួរធ្វើជាដើម ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ហើយពួកគាត់ក៏អាចបំពេញការងារប្រកបដោយភាពជឿជាក់ ក្នុងការសម្រាលបន្ទុកការងារមួយចំនួនរបស់សមត្ថកិច្ចនៅមូលដ្ឋាន ដូចជាការផ្ដល់ព័ត៌មានឱ្យសមត្ថកិច្ចចុះអនុវត្តច្បាប់លើករណីផ្សេងៗ និងជួយការងារមួយចំនួនទៀត តាមការចាត់តាំង របស់អាជ្ញាធរឃុំ សង្កាត់។

កម្លាំងប្រជាការពារ មានប្រវត្តិចេញពីចលនាសន្តិសុខភូមិ តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ចលនានេះ ជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍តាមភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣កន្លងទៅនេះ កម្លាំងប្រជាការពារក៏បានដើរតួនាទីរួមចំណែកបំពេញការងារជាកម្លាំងសន្តិសុខបម្រើឱ្យការបោះឆ្នោតបានយ៉ាងល្អផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ក៏បានអំពាវនាវ ឱ្យក្រុមការងារថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងសប្បុរសជននានា បន្តរួមចំណែកផ្ដល់ការឧត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា ដល់កម្លាំងប្រជាការពារ ដើម្បីផ្ដល់ជាការលើកទឹកចិត្ត ធានានិរន្តរភាពនិងប្រសិទ្ធភាពការងារ។

នាឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ដល់អង្គសន្និបាត បន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ដូចជាការការពារសុខសន្តិភាព ស្ថិរភាពសន្តិសុខផ្ទៃក្នុង ជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ព្រំដែន ការគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លីជូនពលរដ្ឋ និងជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យ នូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៕

 ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *