តារា Lee Sun-kyun ក្នុងរឿង Parasite បាត់បង់ជីវិត ចំពេលមានការចោទប្រកាន់ ទាក់ទងគ្រឿ.ងញៀ.ន

កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយដកស្រង់សំដីប៉ូលិសថា «លោក Lee Sun-kyun តារាសម្តែងកូរ៉េខាងត្បូងនៃខ្សែភាពយន្តឈ្នះពានរង្វាន់អូស្ការ Parasite ត្រូវបានប្រទះឃើញបាត់បង់ជីវិត»។

លោក Lee បានស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការចោទប្រកាន់អំពីការប្រើប្រាស់គ្រឿ.ងញៀ.នខុសច្បាប់ ចំពេលមានការបង្ក្រាបរបស់រដ្ឋាភិបាលជាបន្តលើករណីគ្រឿ.ងញៀ.នខុសច្បាប់។

យ៉ុនហាប់បាននិយាយថា «លោកLee ត្រូវបានគេប្រទះឃើញសន្លប់ក្បែរនឹងដុំធ្យូងនៅក្នុងឡាននៅឯសួនឧទ្យានក្នុងទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីប្រពន្ធរបស់គាត់បានរាយការណ៍ទៅប៉ូលិសថា លោកLee បានចាកចេញពីផ្ទះ ហើយនាងបានរកឃើញអ្វីដែលហាក់ដូចជាសំបុត្រអត្ត.ឃាត។

អធិការប៉ូលិស Jongno នៃទីក្រុងសេអ៊ូល មិនបានឆ្លើយតបភ្លាមៗចំពោះការហៅទូរសព្ទរបស់អ្នកកាសែតនោះទេ។

ប្រទេសកូរ៉េខាងត្បូងមានច្បាប់គ្រឿ.ងញៀ.នតឹងរ៉ឹង ហើយបទឧ.ក្រិដ្ឋគ្រឿ.ងញៀ.នជាធម្មតាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិចប្រាំមួយខែ ឬរហូតដល់ ១៤ ឆ្នាំសម្រាប់ជន.ល្មើសនិងអ្នកជួញដូរលើកដំបូង។

លោក Lee ត្រូវ​បាន​ប៉ូលិស​សាកសួរ​ចំនួន​បី​ដង​ក្នុង​នោះ​មានទាំងការសួរ​រយៈពេល ១៩ ម៉ោង​កាលពី​ចុង​សប្តាហ៍។ យ៉ុបហាប់បានរាយការណ៍ថា តារាសម្តែងរូបនេះបាននិយាយថា «គាត់ត្រូវបានបោកបញ្ឆោតឱ្យប្រើប្រាស់គ្រឿ.ងញៀ.នដោយនារីបម្រើការនៅបារ ដែលបន្ទាប់មកព្យាយាមបង្ខូចឈ្មោះគាត់។

កើតនៅឆ្នាំ ១៩៧៥ លោក Lee បានសម្តែងជាឪពុករបស់គ្រួសារអ្នកមាននៅក្នុងរឿង Parasite ហើយក៏បានដើរតួឯកនៅក្នុងខ្សែភាពយន្តកូរ៉េខាងត្បូងជាច្រើនទៀតដែររួមទាំងរឿង «2012 thriller Helpless» និងរឿង «All About My Wife» ឆ្នាំ២០១៤៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *