រថក្រោះអ៊ីស្រាអែល រុលចូលជ្រៅទៅកណ្តាលក្រុងហ្គាហ្សា ខណៈប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួនយ៉ាងច្រើនសម្បើម

បរទេស ៖ រថក្រោះអ៊ីស្រាអែលបានសម្រុកចូលយ៉ាងជ្រៅចូលទៅក្នុងទីប្រជុំជនមួយនៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ធ្នូ បន្ទាប់ពីការទម្លាក់គ្រាប់បែកឥតឈប់ឈរជាច្រើនថ្ងៃបង្ខំឱ្យគ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលភៀសខ្លួនរួចហើយនោះ រត់ភៀសខ្លួនជាថ្មីម្តងទៀត។

អ្នកកាសែតជនជាតិប៉ាឡេស្ទីនម្នាក់បានបង្ហោះរូបភាពនៃរថក្រោះរបស់អ៊ីស្រាអែលនៅជិតវិហារអ៊ីស្លាមមួយនៅក្នុងតំបន់ Bureij ដែលបានរុលចេញពីសួនច្បារនៅជាយក្រុងភាគខាងកើត។

មន្ត្រីសុខាភិបាលបាននិយាយថា ជនជាតិប៉ាឡេស្ទីនបីនាក់បានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅភាគឦសានជំរំ Maghazi នៅភាគកណ្តាលហ្គាហ្សា។

នៅចុងភាគខាងត្បូង កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារតំបន់ជុំវិញមន្ទីរពេទ្យមួយនៅចំកណ្តាលទីក្រុង Khan Younis ដែលជាទីក្រុងភាគខាងត្បូងដ៏សំខាន់របស់ហ្គាហ្សា កន្លែងដែលអ្នកស្រុកបារម្ភអំពីការវាយលុកជើងគោកថ្មីនេះចូលមកក្នុងទឹកដីដែលពេញណែនដោយក្រុមគ្រួសារដែលបាត់បង់ផ្ទះសម្បែងក្នុងរយៈពេល ១២ សប្តាហ៍នៃសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Ashraf Al-Qidra បាននិយាយថា នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់អ៊ីស្រាអែល ជនជាតិប៉ាឡេស្ទីន ២០ នាក់ត្រូវបានសម្លាប់ និង ៥៥ នាក់រងរបួសនៅក្នុងទីក្រុង Rafah ដែលជាទីក្រុងសំខាន់មួយនៅជិតព្រំដែនភាគខាងត្បូងជាមួយប្រទេសអេហ្ស៊ីប។ អគារ​ ដែល​គេ​ទម្លាក់​គ្រាប់​បែក​របស់​ពួក​គេ ​គឺ​ជា​លំនៅឋាន​ជន​ស៊ីវិល​ដែលបាន​ផ្លាស់​ទី នេះ​បើ​យោង​តាម​ក្រុម​គ្រូពេទ្យ​និង​អ្នក​ស្រុក។

វីដេអូរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញក្រុមអ្នកជួយសង្គ្រោះកំពុងកាយតាមគំនរបាក់បែកយ៉ាងអន្ទះអន្ទែងដើម្បីស្វែងរកនិងទាញជនរងគ្រោះ រួមទាំងទារកម្នាក់ និងកុមារជាច្រើននាក់ ហើយប្រញាប់ប្រញាល់បញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យកូវ៉ែត ដែលនៅក្បែរនោះ។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយមុននេះថា មនុស្ស ២១០ នាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយបង្កើនចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមរហូតដល់ ២១.៣២០ នាក់ ដែលស្មើជិត ១ ភាគរយនៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា។មនុស្ស​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បានបារម្ភ​ថា​កប់ឬ​បាត់​បង់ជីវិត​នៅក្នុង​គំនរ​បាក់បែក៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *