ក្រោយឆ្លងឆ្នាំថ្មី ជប៉ុនកំពុងតស៊ូស្វែងរកអ្នកនៅរស់ ក្រោមគំនរបាក់បែកពីរញ្ជួយដី

ជប៉ុន ៖ ក្រុមជួយសង្គ្រោះក្នុងប្រទេសជប៉ុននៅថ្ងៃអង្គារ ទី ២ ខែមករានេះ បានព្យាយាមទៅដល់តំបន់ដាច់ស្រយាលដែលរងគ្រោះដោយរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃចូលឆ្នាំសកល ដោយមានរបាយការណ៍ថាមនុស្សជាង ២០ នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ ដែលបានរំលំអគារនិងបំផ្លាញផ្ទះរាប់ពាន់ខ្នង។

រញ្ជួយដីកម្រិត ៧,៦ រិច្ឆទ័របានវាយប្រហារនៅពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនត្រូវភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ខណៈដែលរលកយក្សស៊ូណាមីបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ជប៉ុន ដោយទាញរថយន្តនិងផ្ទះមួយចំនួនចូលទៅក្នុងសមុទ្រ។

បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងប៉ូលិសរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីប Noto ក្នុងខេត្ត Ishikawa ។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយសារផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងការបិទផ្លូវ ហើយអាជ្ញាធរបាននិយាយថា ពួកគេពិបាកនឹងវាយតម្លៃពីទំហំនៃការខូចខាតទាំងស្រុងណាស់។

សេវាកម្មផ្លូវដែកនិងជើងហោះហើរជាច្រើនចូលទៅក្នុងតំបន់ក៏ត្រូវបានផ្អាកផងដែរ ហើយអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានជាច្រើនក្នុងតំបន់ត្រូវបានបង្ខំឱ្យបិទដោយសារតែមានស្នាមប្រេះនៅលើផ្លូវរត់។

នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយនៅក្នុងកិច្ចប្រជុំគ្រោះមហន្តរាយកាលពីថ្ងៃអង្គារថា “ការស្វែងរក និងជួយសង្គ្រោះអ្នកដែលរងផលប៉ះពាល់ដោយរញ្ជួយដីគឺជាការតស៊ូជាមួយនឹងពេលវេលា។” 

លោក Kishida បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងពិបាកទៅដល់ចុងភាគខាងជើងនៃឧបទ្វីប Noto ដោយសារតែផ្លូវខូច ហើយការស្ទាបស្ទង់ពីឧទ្ធម្ភាគចក្របានរកឃើញអគ្គិភ័យជាច្រើន និងការខូចខាតរាលដាលដល់អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ផ្អែកតាមប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​បាន​រាយការណ៍​ថា​មនុស្ស​ជាង ២០ នាក់​បាន​ស្លាប់​ដោយសារ​​រញ្ជួយ​ដី។ ទូរទស្សន៍ NHK បាននិយាយថា មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងទីក្រុង Wajima ដែលរងគ្រោះខ្លាំងនៅជិតចំណុចកណ្តាលនៃរញ្ជួយដី ហើយមានករណីមនុស្ស ១៤ នាក់បានជាប់នៅក្នុងអគារដួលរលំផងដែរ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ជប៉ុនបាននិយាយថា ខ្លួនបានទទួលរបាយការណ៍ដែលមិនបានបញ្ជាក់អំពីការស្លាប់ចំនួន ១៩ នាក់កាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែការអាប់ដេតជាផ្លូវការអំពីចំនួនអ្នកស្លាប់នឹងធ្វើឡើងញឹកញាប់។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា រំញ័រជាង ១៤០ ដងបានកើតឡើងចាប់តាំងពីរញ្ជួយដីបានវាយប្រហារលើកដំបូងកាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា រំញ័រខ្លាំង​បន្ថែម​ទៀត​អាច​នឹង​កើត​មាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *