សមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកអំណោយជូនលោកយាយអាយុ៨៤ឆ្នាំ ជួបការខ្វះខាតយ៉ាងខ្លាំង

ព្រះវិហារ ៖ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ នៅថ្ងៃទី០២ខែមករា ឆ្នាំ២០២៤ បានចាត់លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនលោកយាយម្នាក់ កំពុងជួបការលំបាកជីវភាពយ៉ាងខ្លាំង ។

លោកឆេង សុខម៉េង បានឱ្យដឹងថា លោកយាយដែលទទួលបានអំណោយ មានឈ្មោះវ៉ា គឹមស្រៀន អាយុ៨៤ឆ្នាំកំពុងជួបការលំបាកជីវភាព រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ 

លោកឆេង សុខម៉េង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដមប្រធានសមាគម ហើយចំពោះ អំណោយដែលក្រុមការងារ យកមកជូននាពេលនេះ រួមមានដូចជា ៖ អង្ករ ចំនួន៥០គីឡូក្រាមគ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន១០០,០០០រៀល (ដប់ម៉ឺនរៀល) ។ សរុបថវិកាចំនួន៣៩៣.៥០០រៀល(បីសែនប្រាំបួនម៉ឺនបីពាន់ប្រាំរយរៀល)។

លោកយាយវ៉ា គឹមស្រៀន បានឱ្យដឹងថា រូបគាត់សព្វថ្ងៃរស់នៅជាមួយកូន ហើយកូនក៏ជួបការលំបាកគ្មានលុយកាក់និង អាហារទទួលទានគ្រាប់គ្រាន់ ។លោកយាយក៏បានសំណូមពរសុំផ្ទះទេវតា តាមរយៈសមាគមរាជសីហ៍ ។លោកយាយ បានសម្តែងសេចក្ដីត្រេកអរយ៉ាងខ្លាំង សម្រាប់អំណោយនាពេលនេះ និងសូមអរគុណបំផុត ចំពោះសមាគម និងលោកមេឃុំស្តីទីផងដែរ ។ 

លោកង៉ែត សុផល មេឃុំស្រអែម ស្តីទី បានថ្លែងអំណរគុណ ចំពោះ ឯកឧត្ដមប្រធានសមាគម និងលោកឆេង សុខម៉េង ដែលបាននាំយកអំណោយសមាគមដ៏ថ្លៃថ្លាប្រគល់ជូន ប្រជារាស្រ្តរបស់លោក ដែលកំពុងជួបការខ្វះខាតខ្លាំង ៕(ដោយ ៖ យស ហៃសុករ៉ា)

Leave a Reply

Your email address will not be published. Required fields are marked *