ដ្រូនអ៊ីស្រាអែល បាញ់ចំអនុមេដឹកនាំរបស់ក្រុមហាម៉ាស នៅទីក្រុងបៃរូត

បរទេស​៖ ប្រភពសន្តិសុខលីបង់និងប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានស.ម្លា.ប់អនុមេដឹកនាំក្រុមហាម៉ាសលោក Saleh al-Arouri នៅក្នុងការវាយប្រហារដោយដ្រូននៅរដ្ឋធានីបៃរូតរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារទី២ មករា ឆ្នាំ២០២៣ ខណៈដែលរថក្រោះនិងយន្តហោះចម្បាំងរបស់ខ្លួនបានវាយលុកតំបន់ហ្គាហ្សានៅក្នុងសង្គ្រាម«កាន់តែខ្លាំងក្លា»បន្ថែមទៀតប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងដែនដីហ៊ុមព័ទ្ធជិតនេះ។

លោក Arouri វ័យ ៥៧ ឆ្នាំ គឺជាមេដឹកនាំជាន់ខ្ពស់ផ្នែកនយោបាយរបស់ក្រុមហាម៉ាសដំបូងគេដែលត្រូវបានធ្វើឃា.តចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកតាមអាកាស និងការវាយលុកជើងគោកប្រឆាំងនឹងអ្នកគ្រប់គ្រងក្រុមហាម៉ាសនៅហ្គាហ្សាកាលពីជិត ៣ ខែមុន បន្ទាប់ពីមានការវាយលុកដ៏ភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសចូលទីប្រជុំជនអ៊ីស្រាអែល។

ការស.ម្លា.ប់រូបគាត់អាចបង្កើនហានិភ័យនៃសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាសឱ្យរីករាលដាលហួសពីតំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមហេសប៊ូឡារបស់ប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស បាននិងកំពុងបាញ់តដៃជារៀងរាល់ថ្ងៃជាមួយអ៊ីស្រាអែលឆ្លងកាត់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើម។

វិទ្យុ និងទូរទស្សន៍របស់ហាម៉ា ព្រមទាំងទូរទស្សន៍ Mayadeen ដែលគាំទ្រអ៊ីរ៉ង់របស់លីបង់ បានបញ្ជាក់ពាក្យពីប្រភពសន្តិសុខថា លោក Arouri សមាជិកនៃការិយាល័យនយោបាយរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅបរទេសនិងជាសហស្ថាបនិកនៃកងយោធារបស់ហាម៉ាស Izz-el-Deen al-Qassam Brigades ត្រូវបានស.ម្លា.ប់នៅពេលដែលដ្រូនបានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងទីក្រុងបៃរូត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បាននិយាយថា សរុបមក ការវាយប្រហារដោយដ្រូនបានស.ម្លា.ប់មនុស្ស ៦ នាក់នៅសង្កាត់ Daliyeh នៅជាយភាគខាងត្បូងទីក្រុងបៃរូត។ ប្រភពសន្តិសុខពីរបាននិយាយថា ដ្រូនបានកំណត់មុខសញ្ញាវាយលើកិច្ចប្រជុំមួយ ហើយទូរទស្សន៍ Al Aqsa របស់ហាម៉ាសបាននិយាយថា មេបញ្ជាការនៃក្រុមប្រដាប់អាវុធក្នុងប្រទេសលីបង់គឺលោក Samir Findi Abu Amer និងលោក Azzam Al-Aqraa Abu Ammar បានស្ថិតក្នុងចំណោមអ្នកបាត់បង់ជីវិត៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *