ទាស់គ្នារឿងលុយជំពាក់ , ជនបរទេសម្នាក់ស្លាប់ និង៣៧នាក់ឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យជាជនបរទេសសរុប៣៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៣និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទល់មុខអាគារប៊ូយ៉ុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានជនបរទេសម្នាក់ បានរងរបួសធ្ងន់ និងបានបាត់បង់ជីវិត ក្រោយការសង្រ្គោះអស់ពីលទ្ធភាព ។ 

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ដឹកនាំដោយ លោកវរសេនីយ៍ឯក  ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានចុះឡោមព័ទ្ធនិងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុសស្រីចំនួន៣៧នាក់ ( ចិន៣៥នាក់ វៀតណាម២នាក់  ) រួមនិងវត្ថុតាងកាំភ្លើងខ្លីមួយដើម កាំបិត ដំបងឆក់ ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត ឯជនរងគ្រោះជនជាតិចិន ភេទប្រុស បានរងរបួសធ្ងន់ធ្ងរដោយកាំបិត និងបានបាត់បង់ជីវិត ក្រោយការសង្រ្គោះអស់ពីលទ្ធភាព ។ 

តាមព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុ ជនបរទេសទាំងអស់នោះ បានផឹកសុីជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនទៀតផងដែរ ក្រោយមកក៏មានទំនាស់គ្នារឿងលុយជំពាក់ ក៏កើតជាជម្លោះ ដេញវាយគ្នា ពេញក្នុងអាគារកើតហេតុ តាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី ។ 

ប្រភពបន្តថា ពេលនោះបុរសជាជនដៃដល់ បានដកកាំបិតចាក់ ទៅលើបុរសរងគ្រោះ ជាច្រើនកាំបិត រួចបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ឯបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនទៅសំងំនៅជាន់ខាងលើ។  ភ្លាមនោះដែរ អ្នកប្រចាំការនៅក្នុងអាគារ បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកបង្ក្រាបតែម្ដង ។ 

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ ដកហូតវត្ថុតាងមួយចំនួន និងបើកការស្រាវជ្រាវ តាមឃាត់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ព័ត៌មាននាព្រឹកនេះ ជនរងគ្រោះបានបាត់បង់ជីវិត ក្រោយសង្គ្រោះអស់ពីលទ្ធភាព ដោយសពតម្កល់នៅវត្តទឹកថ្លា ៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *