សុំម្ដាយជិះកង់ដើរលេង បែរមកហែលទឹកទន្លេ លង់ស្លាប់០២នាក់

ភ្នំពេញ ៖ ក្មេងប្រុស០២នាក់ បានបាត់បង់ជីវិត ដោយសារលង់ទឹកទន្លេ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១១នឹង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅចំណុច ច្រាំងទន្លេ មុខវត្តព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។ 

ក្មេងប្រុសទី០១ឈ្មោះ ជា សុខដារិទ្ធ អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាព្រែកលៀប មានទីលំនៅក្បែរកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់ទៀត ពុំទាន់ស្គាល់ឈ្មោះ អាយុ១២ឆ្នាំ ។ 

តាមសាក្សីឱ្យដឹងថា ក្មេងប្រុសទាំង០២នាក់ មកលេងទឹកជាមួយក្មេងប្រុសម្នាក់ទៀត សរុប០៣នាក់ ខណៈកំពុងតែលេង ស្រាប់តែផុងទៅជ្រៅតោងគ្នាលិចបាត់តែម្ដង ។ ភ្លាមៗក្មេងម្នាក់ បានរត់មកប្រាប់អ្នកភូមិ ទើបនាំគ្នាស្វែងរកឃើញសាកសពម្នាក់ ឯម្នាក់ទៀតមិនទាន់រកឃើញ ។ 

ម្តាយរបស់ ជា សុខដារិទ្ធ បានឱ្យដឹងថា នៅម៉ោងប្រមាណ១០ព្រឹក កូនរបស់គាត់ បានសុំជិះកង់ដើរលេង ជាមួយមិត្តភក្តិ ប៉ុន្តែមិនដឹងថា ពួកគេណាត់គ្នាមកលេងទឹកទន្លេបែបនេះទេ គាត់ខំដើររក ព្រោះជិតដល់ម៉ោងទៅរៀន ហើយមិនទាន់ញាំបាយ លុះមួយសន្ទុះមកម៉ោងប្រមាណ១១ព្រឹក ស្រាប់តែគេមកប្រាប់ថាកូនគាត់ បានលង់ទឹក  ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *