នាយករដ្ឋមន្ត្រីបង់ក្លាដែសឈ្នះការបោះឆ្នោតជាថ្មី ដោយគ្មានបក្សប្រឆាំង

បង់ក្លាដេស ៖ ក្រុមមន្ត្រីបាននិយាយថា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតជាថ្មីសម្រាប់អាណត្តិទីប្រាំកាលពីថ្ងៃអាទិត្យ ទី៧ មករា ឆ្នាំ២០២៤បន្ទាប់ពីការធ្វើពហិការដឹកនាំដោយគណបក្សប្រឆាំងដែលលោកស្រីបានដាក់ឈ្មោះថា «អង្គការភេរវកម្ម»។

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រាប់ AFP នៅព្រឹកព្រលឹមថ្ងៃចន្ទនេះថា «គណបក្សកាន់អំណាច Awami League របស់លោកស្រី Hasina បានឈ្នះការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតដែលរបាយការណ៍ដំបូងបានលើកឡើងថាមានអ្នកទៅបោះឆ្នោតតិចជាងប្រហែល ៤០ ភាគរយ»។

លោកស្រីបានធ្វើជាអធិបតីលើកំណើនសេដ្ឋកិច្ចដ៏លឿននៅក្នុងប្រទេសមួយ ដែលធ្លាប់ត្រូវបានហ៊ុមព័ទ្ធដោយភាពក្រីក្រ ។ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រីត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សដ៏ខ្លាំងក្លានិងការបង្រ្កាបលើក្រុមប្រឆាំងដ៏ឃោរឃៅ។

គណបក្សរបស់លោកស្រីស្ទើរតែគ្មានគូប្រជែងមានប្រសិទ្ធភាពនៅក្នុងអាសនៈដែលខ្លួនប្រកួតប្រជែងនោះទេ ប៉ុន្តែបក្សបានបញ្ចៀសការចុះឈ្មោះបេក្ខជននៅក្នុងមណ្ឌលមួយចំនួន ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបញ្ចៀសកុំឱ្យគេនិយាយថាជាសភាឯកបក្ស។

គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលជាបក្សប្រឆាំង ដែលសមាជិកភាគច្រើនរបស់ខ្លួនត្រូវគេចាប់ខ្លួននោះបានធ្វើពហិការបោះឆ្នោត ហើយរួមជាមួយមនុស្សរាប់សិបនាក់ផ្សេងទៀតបានបដិសេធមិនចូលរួមក្នុង«ការបោះឆ្នោតក្លែងក្លាយនេះ»។

ខណៈពេលដែលលទ្ធផលចុងក្រោយនិងតួលេខពិតប្រាកដនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងពិធីមួយនៅល្ងាចថ្ងៃចន្ទនេះ មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា «គណបក្សរបស់លោកស្រី Hasina បានឈ្នះប្រហែលបីភាគបួននៃអាសនៈ ពោលយ៉ាងហោចណាស់ ២២០ អាសនៈនៃអាសនៈសរុប ៣០០»។

ប៉ុន្តែ​ការ​គាំទ្រ​របស់​សមាជិក​សភា​ផ្សេង​ទៀត រួម​ទាំង​ពី​គណបក្ស​សម្ព័ន្ធមិត្ត អាច​ជំរុញ​ការ​គ្រប់​គ្រង​របស់លោកស្រីHasina លើ​សភា​កាន់​តែ​ខ្ពស់​ជាង​មុន៕(ប្តែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *