ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះអស់ចំនួនមួយខ្នង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កឱ្យការភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងក្រុម៤ ផ្លូវ៣៥៧ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុយ ណាវី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នករត់ម៉ូតូកង់បី ។ ផ្ទះខាងលើជាប្រភេទ ឈើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណនឹង១០ម៉ែត្រ រួមទាំងសម្ភារអស់ឆេះស្ទើរទាំងស្រុង ហើយពុំបានឆេះរាលដាលទៅដល់ផ្ទះអ្នកក្បែរខាងឬរបួសដល់មនុស្សនោះឡើយ ។

ប្រភពពីពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឮស្នូរសំឡេងផ្ទុះចេញពីផ្ទះខាងលើ រួចបង្កទៅជាអណ្តាតភ្លើងតែម្ដង ខណៈម្ចាស់ផ្ទះមិននៅ បានចាក់សោចេញទៅខាងក្រៅ ។ បន្ទាប់មកប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់ និងទប់ស្កាត់ខ្លាចឆេះដល់ផ្ទះដទៃទៀត និងទាក់ទងទៅខាងកម្លាំងនគរបាលជំនាញ បង្ការពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍។ 

សមត្ថកិច្ច បានបញ្ជូនរថយន្តចំនួន០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយពន្លត់ចប់​ នៅម៉ោង៧យប់ នាថ្ងៃខែ ឆ្នាំដដែល ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *