លួចម៉ូតូមិនបាន ជិះម៉ូតូខ្លួនឯងគេច ព្រះមិនជួយ ជ្រុលបុកបង្គោលភ្លើង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់លួចម៉ូតូមិនបានសម្រេច ក៏ជិះម៉ូតូរត់គេចជ្រុលបុកបង្គោលភ្លើងរបួស ត្រូវប៉ូលិសឃាត់ខ្លួនបានភ្លាមៗនៅចំណុចមុខផ្ទះគ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃទី០៨មករាឆ្នាំ២០២៤ វេលាម៉ោង៤និង៣០ នាទីល្ងាច។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ មុត ឡាប ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះចាន់ វុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ 

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាក Honda Scoopy ពណ៌ស ស្លាកលេខ ភ្នំពេញ 1IA-4278នៅចំណុចកើតហេតុ ដោយពុំបានចាក់សោ កទេ រួចចូលសម្រាកលើគ្រែក្រោមផ្ទះ , ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Nex ពណ៌ស លាយក្រហម ស្លាកលេខ ភ្នំពេញ 1CF-6367 មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរទៅលួចម៉ូតូជនរងគ្រោះបណ្តើរចេញគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ។

ពេលនោះជនសង្ស័យក៏ទុកម៉ូតូជនរងគ្រោះចោល រួចឡើងជិះម៉ូតូរបស់ខ្លួនគេចទៅបុកបង្គោលភ្លើងបណ្តាលឱ្យដួលរងរបួស ភ្លាមនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកឯងសាកសួរតែម្តង៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *