ឥណ្ឌូនេស៊ី ផ្អាកបណ្តោះអាសន្ននូវយន្តហោះ Boeing 737 MAX 9 ចំនួន ៣ គ្រឿង ក្រោយយន្តហោះប្រភេទនេះជាង១៧០ គ្រឿងត្រូវផ្អាកនៅអាមេរិក

ឥណ្ឌូនេស៊ី ៖ ក្រសួងដឹកជញ្ជូនបាននិយាយកាលពីថ្ងៃចន្ទទី៨ មករាថា ឥណ្ឌូណេស៊ីបានផ្អាកជាបណ្ដោះអាសន្ននូវយន្តហោះ Boeing 737 MAX 9 ចំនួនបីគ្រឿង កាលពីថ្ងៃទី ៦ ខែមករា ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air ទោះបីជាមានការកំណត់រចនាសម្ព័ន្ធខុសគ្នាពីយន្តហោះដែលត្រូវចុះចតបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏ដោយ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ននូវយន្តហោះ Boeing នេះចំនួន១៧១ គ្រឿងដែលបានដំឡើងជាមួយនឹងបន្ទះដែកដូចគ្នា ដែលបានដាច់ចេញពីយន្តហោះ Alaska Airlines ដែលមានអាយុ ៨ សប្តាហ៍កាលពីថ្ងៃសុក្រ ដោយបង្ខំឱ្យចុះចតជាបន្ទាន់ជាមួយនឹងគម្លាតមួយក្នុងតួយន្តហោះ។

គន្លឹះទ្វារបានខ្ទាតចេញពីផ្នែកខាងឆ្វេងនៃយន្តហោះ Alaska Airlines បន្ទាប់ពីហោះចេញពីទីក្រុង Portland រដ្ឋOregon ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Ontario រដ្ឋកាលីហ្វ័រញ៉ា ដោយបង្ខំឱ្យអាកាសយានិកវិលត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំង ១៧១ នាក់ និងអាកាសយានិក ៦ នាក់នៅលើយន្តហោះ។

អ្នកនាំពាក្យក្រសួងដឹកជញ្ជូន លោក Adita Irawati បាននិយាយថា យន្តហោះ Boeing 737 MAX 9 បីគ្រឿងដែលជាយន្តហោះតែបីគ្រឿងប៉ុណ្ណោះរបស់ឥណ្ឌូនេស៊ី ត្រូវបានផ្អាកដំណើរការចាប់ពីថ្ងៃទី ៦ ខែមករា រហូតដល់មានការជូនដំណឹងបន្ថែម។

លោក Adita បាននិយាយថា យន្តហោះរបស់ Lion Air មាន «ទ្វារច្រកចេញសង្គ្រោះបន្ទាន់នៅពាក់កណ្តាលកាប៊ីនប្រភេទ II»។ចំណែកឯយន្តហោះ Alaska Airlines មាន “ឭ«គន្លឹះទ្វារច្រកចេញនៅកណ្តាល»។

លោក Adita បានបន្ថែមថា «នេះមានន័យថាប្រព័ន្ធនៅផ្នែកកណ្តាលនៃទ្វារសង្គ្រោះបន្ទាន់មានមុខងារដំណើរការនិងអាចត្រូវបានប្រើសម្រាប់ការជម្លៀស»។

ក្រសួងនឹងសម្របសម្រួលជាមួយ FAA, Boeing និង Lion Air ដើម្បីតាមដានស្ថានភាពនេះ ដោយបន្ថែមថា«សុវត្ថិភាពប្រតិបត្តិការនឹងក្លាយជាអាទិភាពរបស់យើង»។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Lion Air បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើការត្រួតពិនិត្យបន្ថែមទៀតនៃយន្តហោះ ដើម្បីធានាថាយន្តការទ្វារសង្គ្រោះបន្ទាន់ដំណើរការជាធម្មតា៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *