នគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខជនសង្ស័យ កាប់ប្លន់យ៉ាងសកម្ម ២នាក់

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចាស់កាប់ប្លន់យ៉ាងសកម្ម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ហើយបានធ្វើសន្និសិទកាសែតបង្ហាញមុខ ជាសាធារណអកាលពីព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២៤នេះ។

នគរបាលនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ (មានសារធាតុញៀន)និង២-ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំខណ្ឌទួលគោក រាជធានីភ្នំពេញ(មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅ ផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា  ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ របស់លោកសហការជាមួយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការនគរបាលរាធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ ១០០៣  ភូមិគង្គាផុស សង្កាត់ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានតែរយៈពេល ៤ថ្ងៃ ។

លោកអធិការ បន្តថា  កាលពីវេលាម៉ោង ៧និង០៥នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៤ មានករណីកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១IN.៨០១៥មួយគ្រឿងបានសម្រេចនៅចំណុចដើមប្រេងខ្យល់ ស្ថិតនៅខាងជើង កាំកូស៊ីធី តាមផ្លូវលេខ ១០០៣ ក្នុង សង្កាត់ទួលសង្កែទី២។

បន្ទាប់ពីមានករណី ប្លន់ដោយមានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌកម្លាំង នគរបាលខណ្ឌចុះស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ  ២នាក់ព្រមទាំងដកហូតបានម៉ូតូម៉ាកធូដេ១គ្រឿងពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ១AC៧៣២៧។

យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យឈ្មោះធី សុបញ្ញារិទ្ធ ថា «បន្ទាប់ពី ប្លន់ បានសម្រេច រូបគេបានយកម៉ូតូទៅលក់ ឱ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលឈរនៅលើ ចិញ្ចើមផ្លូវម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន៧០០ដុល្លារ ហើយបានយកមកចែកឱ្យជនសង្ស័យ ឈ្មោះរ៉ាយ រ៉ាវុធ បានចំនួន ៣០០ដុល្លារនាំគ្នាស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនអស់ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង»៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *