គូស្នេហ៍នៅ​ប្រទេស​ថៃ​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​លាក់​សព​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ ក្នុង​ទូទឹកកក

ថៃ ៖ គូស្នេហ៍មួយគូនៅក្នុងប្រទេសថៃត្រូវបានចោទប្រកាន់ពីបទលាក់សាកសពកុមារ ដែលទើបចេះដើរតេះតះនៅក្នុងទូទឹកកក។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍នៅក្នុងទូទឹកកកនៅផ្ទះក្នុងស្រុក Bang Bua Thong នៃខេត្ត Nonthaburi ។

លោក Harnnarong Praiphanom អាយុ ៣១ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ Marisa Thong-iam អាយុ ២៥ ឆ្នាំត្រូវបានចោទប្រកាន់ថាមិនបានរាយការណ៍ពីការស្លាប់របស់ទារកទើបចេះដើរតេះតះទៅប៉ូលិសនិងលាក់សាកសព។លោក Harnnarong ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​គ្រឿង​ញៀនផងដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា លោក Harnnarong ជា​មិត្ត​ភក្តិ​របស់​ឪពុក​ក្មេង​នេះ។ លោក Preut Chamroonsart នាយប៉ុស្តិ៍នគរបាល Bang Bua Thong បានប្រាប់អ្នកសារព័ត៌មានថា ប៉ូលិសនឹងសាកសួរឪពុកម្តាយបង្កើតរបស់ក្មេងប្រុសនេះ។

មន្ត្រីប៉ូលិស អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យត្រូវបានហៅទៅកាន់លំនៅដ្ឋានមួយនៅផ្លូវRattanathibet កាលពីថ្ងៃសៅរ៍។

យោងតាមរបាយការណ៍ពី Thai PBS World បានឱ្យដឹងថា អាជ្ញាធរបានទៅផ្ទះនោះបន្ទាប់ពីម្តាយរបស់Harnnarong បានត្អូញត្អែរពីក្លិនស្អុយដែលភាយចេញពីផ្ទះនោះ ហើយថាកុមារបានបាត់ខ្លួនតាំងពីថ្ងៃទី ២ ខែមករា។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមមន្ត្រីបានរកឃើញសាកសពរបស់ក្មេងទើបចេះដើរតេះតះរុំក្នុងភួយហើយដាក់ក្នុងទូទឹកកក។

លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​បាន​ឆ្លាក់បាយ​ដំណើបស្លាប់។ សាកសពក្មេងប្រុសនេះត្រូវបានបូជានៅថ្ងៃចន្ទ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *