តុលាការសម្រេចឃុំខ្លួន អតីតអភិបាលក្រុងកែប

ភ្នំពេញ ៖ អតីតអភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបានតុលាការសម្រេចឃុំខ្លូន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោមបទចោទ រំលោភអំណាច​ និងបទសម្អាតប្រាក់​ រួចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ។ 

សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូន លោក ខេង យ័ន ទៅសាលាដំបូងរាជធានីភ្នំពេញ  កាលពីរសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២៤ ក្រោមបទចោទប្រកាន់ រំលោភអំណាច និងបទសម្អាតប្រាក់ ។ ជានីតិវិធីបន្តបន្ទាប់ ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនជាប់ចោទ ខេង យ័ន ពីបទ រំលោភអំណាច និងបទសម្អាតប្រាក់ ។ 

តាមក្រមព្រហ្មទណ្ឌ បទរំលោភអំណាច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំទៅ៥ឆ្នាំ និងបទសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់តាមទោសនិមួយៗ ។ 

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ បានទៅឃាត់ខ្លួន លោក ខេងយ័ន នៅក្រុងកែបដើម្បីសាកសួរនៅអង្គភាពតាមនីតិវិធី ។ បន្ទាប់ពីសាកសួរចប់សព្វគ្រប់ លោក ខេង យ័ន បានត្រឡប់មកបំពេញការងារជាធម្មតារហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានបានសម្រេចដកតំណែង លោក ខេង យ័ន ចេញពីអភិបាលនៃគណៈអភិបាលក្រុងកែប នៃខេត្តកែប ។ 

ជាមួយនឹងការដកហូតតំណែងនេះ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញសារដែរថា « ខ្ញុំមានការចាំបាច់ ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែង របស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាច នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាច្រើន។ការសម្រេចចិត្តនេះគឺ ផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយ ៕ ដោយ ៖ គាសំណាង 

Leave a Reply

Your email address will not be published. Required fields are marked *