លោកចូ បៃដិននិយាយថា «អាមេរិកមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ»

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៣ មករាឆ្នាំ២០២៤ថា«សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ»បន្ទាប់ពីអ្នកបោះឆ្នោតតៃវ៉ាន់បានច្រានចោលប្រទេសចិន ហើយបានផ្តល់ឱ្យគណបក្សកាន់អំណាចនូវអាណត្តិប្រធានាធិបតីទីបី។

នៅព្រឹកថ្ងៃដដែល បេក្ខជនប្រធានាធិបតីនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ លោក William Lai Ching-te បានឡើងកាន់អំណាច ដោយទាត់ចោលការគាបសង្កត់របស់ចិនយ៉ាងខ្លាំងក្លាក្នុងការដាក់គំនាបលើរូបលោក ហើយបានសន្យាថានឹងក្រោកឈរឡើងតតាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងផងនិងស្វែងរកការចរចាផង។

លោកបៃដិនបាននិយាយនៅពេលស្នើសុំប្រតិកម្មចំពោះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា «យើងមិនគាំទ្រឯករាជ្យភាពទេ»។ សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ការទូតពីរដ្ឋាភិបាលក្រុងតៃប៉ិទៅក្រុងប៉េកាំងក្នុងឆ្នាំ ១៩៧៩ ហើយបាននិយាយជាយូរមកហើយថា«ខ្លួនមិនគាំទ្រការប្រកាសឯករាជ្យជាផ្លូវការដោយតៃវ៉ាន់​នោះទេ»។

អាមេរិកបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ហើយនៅតែជាអ្នកគាំទ្រនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត។ ចំណែកប៉េកាំង ដែលមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួននោះ មានការភ័យខ្លាចថាលោក Lai អាចនឹងប្រកាសបង្កើតសាធារណរដ្ឋតៃវ៉ាន់ ដែលលោក Lai បាននិយាយថាលោកនឹងមិនធ្វើនោះទេ។

លោកបៃដិនពីមុនបានធ្វើឱ្យរដ្ឋាភិបាលចិនខកចិត្តជាមួយនឹងការបញ្ចេញមតិដែលហាក់ដូចជាបង្ហាញថាសហរដ្ឋអាមេរិកនឹងការពារកោះនេះ ប្រសិនបើកោះនេះត្រូវបានវាយប្រហារ ដែលជាការងាកចេញពីជំហរ «មិនច្បាស់លាស់ជាយុទ្ធសាស្ត្រ»ជាយូរមកហើយរបស់អាមេរិក។

ការ​លើក​ឡើង​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ហាក់​ដូច​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ដល់រដ្ឋាភិបាលក្រុង​ប៉េកាំង​ឡើង​វិញ។

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានត្រឹមតែប៉ុន្មានម៉ោងមុនការបើកការបោះឆ្នោតថា «វានឹងមិនអាចទទួលយកបានទេ» សម្រាប់ប្រទេសណាមួយក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោត៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *