ពួកហ៊ូធី វាយប្រហារលើនាវារបស់អាមេរិក នៅក្បែរសមុទ្រយេម៉ែន

បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា ក្រុមឧទ្ទាមហ៊ូធី (Houthi) បានបាញ់មីស៊ីលមួយគ្រាប់ទៅលើនាវាដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ក្នុងឈូងសមុទ្រAden គឺតិចជាងមួយថ្ងៃបន្ទាប់ពីពួកគេបានបាញ់មីស៊ីលបញ្ជាទិសប្រឆាំងនាវាឆ្ពោះទៅកាន់នាវាពិឃាដរបស់អាមេរិកនៅសមុទ្រក្រហម។

ការវាយប្រហារលើនាវា Gibraltar Eagle គឺកាន់តែបង្កើនភាពតានតឹងខ្លាំងឡើងនៅសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារដែលដឹកនាំដោយអាមេរិកទៅលើពួកឧទ្ទាមនេះ។ ការវាយប្រហាររបស់ក្រុមហ៊ូធីបានប៉ះពាល់ដល់ការដឹកជញ្ជូនទូទាំងពិភពលោក ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបដោយផ្តោតលើច្រករបៀងដ៏សំខាន់មួយ ដែលតភ្ជាប់ថាមពលរបស់អាស៊ីនិងមជ្ឈិមបូព៌ា និងការដឹកជញ្ជូនទំនិញទៅកាន់ព្រែកជីកស៊ុយអេឆ្ពោះទៅកាន់អឺរ៉ុប។

ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ដែលឃ្លាំងមើលដែនទឹកនៅមជ្ឈិមបូព៌ា បាននិយាយថាការវាយប្រហារកាលពីថ្ងៃចន្ទបានកើតឡើងនៅចម្ងាយ ១៧៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃឈូងសមុទ្រ Aden ។ប្រតិបត្តិការនេះបាននិយាយថា កាពីទែននាវាបានរាយការណ៍ថា «ផ្នែកចំហៀងនៃនាវាបានរងការវាយប្រហារពីមីស៊ីល»។

ក្រុមហ៊ុនសន្តិសុខឯកជន Ambrey និង Dryad Global បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា នាវាឈ្មោះ Eagle Gibraltar គឺជានាវាដឹកជញ្ជូនដោតទង់ជាតិរបស់កោះ Marshall ។ ក្រោយមកទីបញ្ជាការកណ្តាលរបស់យោធាអាមេរិកបានទទួលស្គាល់ការវាយប្រហារនេះ ដោយស្តីបន្ទោសក្រុមហ៊ូធីចំពោះការវាយប្រហារមួយនេះ។

ទីបញ្ជាការដ្ឋានកណ្តាលបាននិយាយថា «នាវានេះមិនបានរាយការណ៍ថាមានរបួសឬការខូចខាតអ្វីធ្ងន់ធ្ងរទេ ហើយកំពុងបន្តដំណើររបស់វាទៅមុខ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *