ចិន​កោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន និង រិះគន់ប្រទេសជាច្រើនជុំវិញការបោះឆ្នោតនៅតៃវ៉ាន់

ប្រទេសចិន ៖ ចិនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនកាលពីថ្ងៃអង្គារ ទី១៦ មករាឆ្នាំ២០២៤បន្ទាប់ពីប្រធានាធិបតីFerdinand Marcos Jr បានអបអរសាទរប្រធានាធិបតីជាប់ឆ្នោតរបស់តៃវ៉ាន់លោក Lai Ching-te ចំពោះជ័យជម្នះនៃការបោះឆ្នោតរបស់គាត់។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានរិះគន់ប្រទេសជាច្រើន ដែលអបអរសាទរលោក Lai ចំពោះជ័យជម្នះរបស់គាត់ រួមមានសហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី និងប្រទេសអឺរ៉ុបមួយចំនួន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា«នៅព្រឹកនេះ អនុរដ្ឋមន្ត្រី Nong Rong បានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិន ដើម្បីធ្វើជាតំណាងដ៏ឱឡារិក និងជំរុញឱ្យភាគីហ្វីលីពីនផ្តល់ការពន្យល់ប្រកបដោយការទទួលខុសត្រូវដល់ភាគីចិន»។

លោកស្រីម៉ៅបាននិយាយថា «ភាគីចិនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត» ចំពោះសុន្ទរកថារបស់លោក Marcos ។ ចំណែកលោក Lai ដែល​ទោរទន់ទៅរកឯករាជ្យ​ភាព បាន​ទទួល​ជ័យជម្នះ​យ៉ាង​ស្រួល​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍។

ចិនបានចាត់ទុកកោះប្រជាធិបតេយ្យនេះជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញារឹបអូសយកវាដោយកម្លាំងប្រសិនបើចាំបាច់។ រដ្ឋាភិបាលក្រុងប៉េកាំងមិនរក្សាទំនាក់ទំនងការទូតជាមួយប្រទេសណាដែលទទួលស្គាល់តៃវ៉ាន់នោះទេ ហើយប្រឆាំងនឹងទំនាក់ទំនងផ្លូវការជាមួយតៃប៉ិដោយមហាអំណាចបរទេសទាំងឡាយ។

លោកស្រីម៉ៅបាននិយាយថា «អ្នកណាក៏ដោយនៅក្នុងសហគមន៍អន្តរជាតិដែលបំពានគោលការណ៍ចិនតែមួយ គឺជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន ហើយនឹងត្រូវប្រឈមមុខនឹងការប្រឆាំងរួមគ្នារបស់ប្រជាជនចិន និងសហគមន៍អន្តរជាតិ»។

«ចិនបដិសេធនិងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការអនុវត្តខុសរបស់បណ្តាប្រទេសពាក់ព័ន្ធដែលរំលោភលើគោលការណ៍ចិនតែមួយ រួមទាំងការចេញសេចក្តីថ្លែងការណ៍ និង ការសម្តែងការអបអរសាទរ។ យើងនឹងចេញសេចក្តីថ្លែងការណ៍រិះគន់យ៉ាងធ្ងន់ធ្ងរ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *