បាត់បង់ជីវិត១៣នាក់​ ក្រោយភ្លើងឆេះអន្តេវាសិកដ្ឋានសាលា នៅក្នុងប្រទេសចិន

ចិន ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua របស់ប្រទេសចិនបានរាយការណ៍ថា «មានសិស្សសាលាចំនួន ១៣ នាក់ដែលមានអាយុពី ៩ ទៅ ១០ ឆ្នាំ ត្រូវបានបញ្ជាក់ថាបាននាត់បង់ជីវិត បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅក្នុងអន្តេវាសិកដ្ឋានសាលាមួយនៅកណ្តាលប្រទេសចិន»។

អគ្គិភ័យដ៏សាហាវនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រកន្លងទៅ នៅសាលា Yingcai ក្នុងភូមិ Yanshanpu ខេត្តHenan ។ អ្នកគ្រប់គ្រងសាលានៅជិតទីក្រុង Nanyang ត្រូវបានឃុំខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការ។ចំណែក​ម្នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ស្ថិត​ក្នុង​ស្ថានភាពនឹងនរ។

ចំណែកគ្រូបង្រៀនម្នាក់នៅសាលាបានប្រាប់កាសែត Hebei Daily ដែលគ្រប់គ្រងដោយរដ្ឋថា «ជនរងគ្រោះទាំងអស់មកពីថ្នាក់ទីបីដូចគ្នា»។ មានសិស្សប្រហែល ៣០ នាក់បានស្ថិតនៅក្នុងអន្តេវាសិកដ្ឋាននៅពេលដែលអគ្គិភ័យបានឆាបឆេះ ហើយសិស្សដែលនៅសល់ត្រូវបានជម្លៀសដោយសុវត្ថិភាព។ Xinhua បានរាយការណ៍ថា ភ្លើងត្រូវបានពន្លត់ បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យត្រូវបានជូនដំណឹងតិចជាងមួយម៉ោង។

មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​អត្តសញ្ញាណ​អ្នក​ស្លាប់ឬ​មូលហេតុ​នៃ​ការ​ឆេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ផ្លូវ​ការនោះ​ឡើយ។ រូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា បង្អួចមួយចំនួននៃអគារអន្តេវាសិកដ្ឋានត្រូវបានវាយកម្ទេច ហើយតំបន់ជុំវិញសាលារៀនត្រូវបានបិទ ដោយមានមន្ត្រីប៉ូលិសជា្ចច្រើនដើរល្បាតនៅកន្លែងកើតហេតុ។

យោងតាម Xinhua សាលានេះគឺជាសាលាឯកជនដែលដំណើរការអស់រយៈពេលដប់ឆ្នាំហើយ ហើយដំណើរការសម្រាប់សិស្សថ្នាក់មត្តេយ្យនិងបឋមសិក្សា ដែលរស់នៅក្នុងតំបន់ជនបទក្បែរនោះ។

ឯទីភ្នាក់ងារនេះបានរាយការណ៍ថា «កុមារដែលបានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យរបស់សាលានេះបានត្រឡប់ទៅផ្ទះវិញអស់ហើយសម្រាប់ចុងសប្តាហ៍»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *