ឪពុកម្តាយទ្រហោយំតាមរកកូនស្រី​ ក្រោយបាត់ខ្លួនអស់៩ថ្ងៃ មិនដឹងបាត់ទៅទីណា

តាកែវ ៖ នារីវ័យ១៨ឆ្នាំម្នាក់ បានទៅជួយលក់បាយអ៊ុំប្រុស នៅក្រុងដូនកែវ ខេត្តតាកែវ ហើយបានបាត់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយត្រូវឪពុកម្តាយ ក្រុមគ្រួសារតាមស្វែងរក និង ប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ ស្វែងរករហូតមកត្រឹមថ្ងៃទី២២ ខែមករាឆ្នាំ២០២៤នេះ នៅតែគ្មានដំណឹង។

យុវតីខាងលើឈ្មោះ ស្រ៊ុន ណារិន អាយុ១៨ឆ្នាំ មុខរបរលក់បាយ មានទីលំនៅភូមិក្ដាញ់ (ត្រពាំងល្វា) ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានឪពុកឈ្មោះ ស្រី ហ៊ត អាយុ៥៥ឆ្នាំ មុខរបរកសិករនិងម្តាយឈ្មោះ កែម ទុំ អាយុ៥៣ឆ្នាំ មុខរបរត្បាញហួល ផាមួង មានបងប្អូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ យុវតីបាត់ខ្លួនជាកូនពៅ។ 

បើតាមក្រុមគ្រួសារ បានឱ្យដឹងតាមទូរសព្ទថា «ប្អូនស្រីរបស់គាត់ ទៅជួយលក់បាយអ៊ុំប្រុស នៅក្រុងដូនកែវខេត្តតាកែវ តែមុនកើតហេតុ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ប្អូនស្រីរបស់គាត់បានទៅលេងផ្ទះ ដេកសម្រាកបាន២យប់ ,លុះនៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ គ្រាន់តែប្រាប់ថា ទៅផ្ទះអ៊ុំ នៅទីរួមខេត្តវិញ ។

ក៏ប៉ុន្តែរហូតដល់ព្រលប់ថ្ងៃដដែល អ៊ុំប្រុសទូរស័ព្ទសាកសួរមកវិញ មិនឃើញក្មួយស្រី ទើបនាំគ្នាឆោឡោ តាមស្វែងរកទូរសព្ទចុចមិនចូល ប្តឹងទៅសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ ធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារ ព្រួយបារម្ភ ដើររកកូនស្រីទាំងទឹកភ្នែក គិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អស់រយៈពេល៩ថ្ងៃហើយ នៅតែគ្មានដំណឹង សូន្យឈឹង ។

ក្រុមគ្រួសារអំពាវនាវ សុំអង្វរចិត្ត បងប្អូនប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្តី ប្រសិនឃើញ ដឹង មេត្តាជួយឃាត់ ផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមលេខទូរស័ព្ទ 069 465 282 នេះផង ដោយក្តីគោរព ៕(ដោយ ៖BBN19)

Leave a Reply

Your email address will not be published. Required fields are marked *