អាមេរិក​ជំរុញ​ឱ្យ​ផ្អាក​ប្រយុទ្ធនៅ​ហ្គាហ្សា ខណៈ​អ៊ីស្រាអែល​រង​ការ​បាត់​បង់​ទាហាន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអង្គារ ទី២៣ មករាថា កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលអន្តរជាតិយ៉ាងខ្លាំងក្លាកំពុងធ្វើការឆ្ពោះទៅរកការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលសម្រាប់អ្នកទោសប៉ាឡេស្ទីនក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយខែដែលបានស្នើឡើងនៅតំបន់ហ្គាហ្សា ខណៈសេតវិមានបាននិយាយថា «បេសកជនរបស់ខ្លួនកំពុងមានការពិភាក្សាយ៉ាងសកម្មលើបញ្ហានេះ»

ប្រភពបាននិយាយថា ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីបបានបើកការងារការទូតចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០២៣ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមជាគោលការណ៍ចំពោះផែនការក្របខណ្ឌនេះ។ ប្រភព​បាន​និយាយ​ថា ការងារការទូតនេះ​កំពុង​ត្រូវ​បានគាំងដោយ​ការ​ខ្វែង​គំនិត​គ្នា​របស់​ភាគី​ទាំង​ពីរ​អំពី​របៀប​ដើម្បី​បញ្ចប់​ជា​អចិន្ត្រៃយ៍​ចំពោះ​សង្រ្គាម​នៅ​ហ្គាហ្សា។

ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន ក្រសួងការបរទេសកាតា និងសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីបមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់រ៉យទ័រនោះទេ។

កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ ​អ៊ីស្រាអែល​បាន​ទទួល​រង​ការ​បាត់​បង់​ទាហាន​ដ៏​អាក្រក់​បំផុត​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រយៈពេល​ជាង​បី​ខែ ដោយមានទាហានស្លាប់ ២៤ នាក់​ក្នុង​ឧបទ្ទវហេតុ​ពីរ​ផ្សេង​គ្នា។ មន្ត្រីអ៊ីស្រាអែលបានរំលឹកឡើងវិញថាគោលបំណងនៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងចលនាហាម៉ាសប៉ាឡេស្ទីន ដែលដំណើរការតំបន់ហ្គាហ្សាគឺមិនផ្លាស់ប្តូរទេ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា «ក្នុងនាមវីរបុរសរបស់យើង ដើម្បីជាប្រយោជន៍ដល់ជីវិតរបស់យើង យើងនឹងមិនបញ្ឈប់ការប្រយុទ្ធរហូតដល់ការទទួលជ័យជម្នះដាច់ខាត»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *