ឯកឧត្តម ហែម វណ្ឌឌី ៖ ឧស្សាហ៍កម្មធំៗអាចមកកម្ពុជា ទាមទារយើងពង្រឹងកត្តាសំខាន់០២យ៉ាងជាមុនសិន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ឌឌី បានថ្លែងថា សម្រាប់អាណិត្តិនេះ យើងនឹងជំរុញបន្ថែមលើការបង្កើនផលិតកម្ម និងការបង្កើនផលិតភាព នៅក្នុងស្រុកឱ្យទទួលបានជោគជ័យ ដើម្បីឈោងទៅទាក់ទាញក្រុមវិនិយោគឧស្សាហ៍កម្មធំៗមកកាន់កម្ពុជាយើង ។ 

ឯកឧត្តមបានមានប្រសាសន៍ឆ្លើយតបនឹងសំនួរក្រុមអ្នកសារព័ត៌មាន ក្នុងវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលប្រព្រឹត្តិទៅនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយរៀបចំឡើងដោយមានកិច្ចសហការ និងគាំទ្រពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ។

ឯកឧត្តម ហែម វណ្ឌឌី បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីទាក់ទាញឧស្សាហ៍កម្មធំៗមកកាន់កម្ពុជាបាន យើងបានកំណត់ទិសដៅនិងការអនុវត្តច្បាស់លាស់ ក្នុងការជំរុញបន្ថែមលើការបង្កើនផលិតកម្ម និងការបង្កើនផលិតភាព នៅក្នុងស្រុក ។ បង្កើនផលិតកម្មមានន័យថា យើងចង់ឱ្យកាត់បន្ថយពឹងផ្អែកពីការនាំចូល វត្ថុធាតុដើម ផលិតផលពាក់កណ្ដាលសម្រេចឱ្យកាន់តែតិច ខណៈយើងមានសមត្ថភាពផលិតដោយខ្លួនឯង កាន់តែច្រើន ។ បង្កើនផលិតភាពមានន័យថា ជំនាញធនធានមនុស្សក្នុងការផលិត អមជាមួយគ្រឿងម៉ាស៊ីននិងបច្ចេកវិទ្យាជំនួយបន្ថែម ដើម្បីបង្កើនការផលិតកាន់តែល្អ និងអាចផលិតបានទ្វេដងជាដើម ។ 

សម្រាប់ឧស្សាហ៍កម្មធំៗ នៅពេលដែលគេសម្រេចចិត្តមក គឺគេមិនចង់ធ្វើខ្លួនឯងទាំងអស់នោះទេ គឹគេពឹងផ្អែកលើ ឧស្សាហ៍កម្មតូចៗនៅក្នុងស្រុកយើង ដើម្បីជួយផ្គត់ផ្គង់ផ្នែកណាមួយដល់ឧស្សាហ៍កម្មរបស់ពួកគេ ។ ដូចនេះ ក្រសួងនឹងជួយដល់ឧស្សាហ៍កម្មនៅក្នុងស្រុកឱ្យកាន់តែខ្លាំង ទន្ទឹមនឹងការទាក់ទាញឧស្សាហ៍កម្មធំៗមកកម្ពុជា ។ កន្លងមកឯកឧត្តមក៏ធ្លាប់បានជជែកពិភាក្សាជាប្រចាំជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរកគន្លិះយ៉ាងណាធ្វើឱ្យ អ្នកដាំ អ្នកកែច្នៃ និងអ្នកលក់ ផ្សាភ្ជាប់គ្នាដើម្បីសម្រេចបានរួមគ្នា ។

សូមជម្រាបថា វេទិកាពិភាក្សាខាងលើនេះ ក៏មានវត្តមានលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រម​ទាំង​អ្នក​សារព័ត៌មាន​ជាង​១០០នាក់ មក​ពី​​៦៦ស្ថាប័ន​ ដែលរៀបចំធ្វើឡើង គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន លើកជាសំណួរទាក់ទងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្ដង់ដានិងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងនិងទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវពិសោធន៍ និងការអភិវឌ្ឍបច្ចេកវិទ្យាជាដើម ៕ ដោយ ៖ គា សំណាង និង យស ហៃ សុករ៉ា 

Leave a Reply

Your email address will not be published. Required fields are marked *