លោកចូ បៃដិន ប្តេជ្ញាឆ្លើយតបបន្ទាប់ពីទាហានអាមេរិកបីនាក់ត្រូវបានស.ម្លា.ប់នៅក្នុងការវាយប្រហារដោយដ្រូនរបស់ហ្សកដានី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់

អាមេរិក ៖ លោកប្រធានាធិបតី ចូ បៃដិន និងមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៨ មករា ថា «សមាជិកកងទ័ពអាមេរិក៣នាក់ត្រូវបានស.ម្លា.ប់ និងរាប់សិបនាក់បានរងរបួស អំឡុងពេលការវាយប្រហារដោយដ្រូនលើកងកម្លាំងអាមេរិកដែលឈរជើងនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី»។

លោកចូ បៃដិនបានស្តីបន្ទោសក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ ដែលជាការវាយប្រហារដ៏សាហាវលើកដំបូងប្រឆាំងនឹងកងកម្លាំងអាមេរិក ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងក្នុងខែតុលា ដោយបានបញ្ជូនតក់ស្លុតនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

លោកបៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈពេលដែលយើងនៅកំពុងប្រមូលការពិតនៃការវាយប្រហារនេះ យើងដឹងថាវាត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធជ្រុលនិយមដែលគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ គ្មានអ្វី​សង្ស័យ យើង​នឹង​ចាប់​​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់​ក្នុង​ពេល​មួយ និង​តាម​របៀប​នៃ​ការ​ជ្រើសរើស​របស់​យើង»។

ក្រោយមកលោកបៃដិនបានស្នើសុំឱ្យមានភាពស្ងៀមស្ងាត់មួយភ្លែតសម្រាប់សមាជិកទាហានដែលត្រូវបានសម្លាប់ទាំងបីនាក់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅរដ្ឋ South Carolina ដោយបន្ថែមថា «យើងនឹងឆ្លើយតប»។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបន្ទរការគំរាមកំហែងនោះ។ លោក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានជម្រាបជូនព័ត៌មានខ្លីដល់លោកបៃដិន នៅពេលព្រឹកក្នុងថ្ងៃនៃការវាយប្រហារនេះ។

យ៉ាងហោចណាស់បុគ្គលិកយោធា ៣៤ នាក់បានរងរបួសនៅក្នុងការវាយប្រហារ ប៉ុន្តែចំនួននោះត្រូវបានគេរំពឹងថានឹងប្រែប្រួល នៅពេលដែលមនុស្សកាន់តែច្រើនកំពុងស្វែងរកការថែទាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។ បុគ្គលិកប្រាំបីនាក់ត្រូវបានជម្លៀសចេញពីប្រទេសហ្ស៊កដានីសម្រាប់ការថែទាំកម្រិតខ្ពស់ ប៉ុន្តែស្ថិតក្នុងស្ថានភាពនឹងនរ។

មន្ត្រីអាមេរិកពីរនាក់បាននិយាយថា ដ្រូនបានវាយប្រហារនៅជិតបន្ទាយទាំងព្រឹកព្រលឹម ដែលអាចពន្យល់ពីចំនួនអ្នកបាត់បង់ជីវិត និងរបួសដ៏ខ្ពស់នេះ។

ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមគូកនរបស់ក្រុមសកម្មប្រយុទ្ធក្បាលរឹងដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវលើការវាយប្រហារលើមូលដ្ឋានចំនួនបី រួមទាំងមូលដ្ឋានមួយនៅព្រំដែនហ្ស៊កដានី-ស៊ីរី៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *