ទំនាស់កាប់ភាគីម្ខាងបណ្តាលឱ្យបាត់បង់ជីវិតនិងរបួស សមត្ថកិច្ចចម្រុះឃាត់ខ្លួន៣នាក់

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងចម្រុះបង្ក្រាបករណីឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះបានចាប់ខ្លួនជនដៃដល់សរុប២នាក់ជាបន្ដបន្ទាប់កាលពីថ្ងៃទី៣០មករាឆ្នាំ២០២៤ ក្រោយមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត កើតឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៦ល្ងាច នៅចំណុចគីឡូម៉ែត្រ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ,ចំណែកជនដៃដល់ម្នាក់ឃាត់ខ្លួនបានភ្លាម។

សមត្ថកិច្ចនិយាយថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យ៣នាក់រួមមាន ទី១-ឈ្មោះ សែ សុភាព ភេទប្រុសអាយុ៣៥ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក, ទី២-ឈ្មោះ យ៉ាន់​ សៅ ភេទប្រុស អាយុ៣៨ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក និងទី៣-ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបន្តថា ពួកគេបានធ្វើសកម្មភាព យកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ អ៊ា សែមភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់បណ្ដាលឱ្យបាត់បង់ជីវិត និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ តឿ តន ភេទប្រុសអាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ជូនទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ក្រោយកើតហេតុ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ដោយឡែកសង្ស័យចំនួន២នាក់ឈ្មោះ យ៉ាន់​ សៅ និងឈ្មោះ សែ សុភាព  បានរត់គេចខ្លួនបាត់ដោយបានយកវត្ថុតាងទៅជាមួយ។

ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។

សមត្ថកិច្ចបន្តថឋ លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យបាន២នាក់បន្ថែមទៀតរួមមាន ១-ឈ្មោះ សែ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុច​ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង​និហ២-ឈ្មោះ យ៉ាន់​ សៅ​ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុចភូមិឈោងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង)។

បន្ទាប់ពីបានសាកសួរបឋម​​ ជនសង្ស័យទាំង២ខាងលើ បានសារភាពថា «ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យបាត់បង់ជីវិត និងរងរបួស ពិតប្រាកដមែន ដោយសារតែជនរងគ្រោះបានបង្កហិង្សាមកលើបងប្រុសរបស់ពួកខ្លួន ទើបឈានដល់ការកាប់គ្នាតែម្តង» ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ​ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *