លោកចូ បៃដិននិយាយថា ៖ សម្រេចចិត្តរួចហើយពីរបៀបឆ្លើយតបនឹងការវាយប្រហារលើទាហានអាមេរិក នៅហ្ស៊កដានី

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយនៅថ្ងៃអង្គារ ទី៣០ ខែមករាឆ្នាំ២០២៤ថា«លោកបានគិតពីរបៀបឆ្លើយតបរួចហើយចំពោះការវាយប្រហារដោយដ្រូន ដែលបានសម្លាប់សមាជិកទាហានអាមេរិកក្នុងប្រទេសហ្ស៊កដានី ខណៈដែលលោកកំពុងថ្លឹងថ្លែងដាក់ទណ្ឌកម្មលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ដោយមិនបង្កឱ្យមានសង្រ្គាមរីករាលដាល»។

លោកចូ បៃដិន ដែលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅពេលគាត់ចាកចេញពីសេតវិមានក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោតទៅកាន់រដ្ឋផ្លរីដា មិនបានរៀបរាប់លម្អិតអំពីការសម្រេចចិត្តរបស់គាត់ទេ ដែលបានកើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយទីប្រឹក្សាកំពូលនៅសេតវិមាន។

លោកបាននិយាយថា «សហរដ្ឋអាមេរិកមិនត្រូវការសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ានោះទេ ដោយបន្ទរតាមការអត្ថាធិប្បាយពីមន្ត្រីផ្សេងទៀតកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនចង់ឱ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ»។

លោកបៃដិនបាននិយាយថា «ខ្ញុំមិនគិតថាយើងត្រូវការសង្រ្គាមកាន់តែរីកធំនៅមជ្ឈិមបូព៌ានោះទេ។ នោះមិនមែនជាអ្វីដែលខ្ញុំកំពុងស្វែងរកនោះទេ»។ លោកបៃដិនបានឆ្លើយថា «មែនហើយ»នៅពេលត្រូវបានសួរថា តើគាត់បានសម្រេចចិត្តបែបណា ដើម្បីឆ្លើយតបចំពោះការវាយប្រហារ។

នៅពេលសួរថាតើអ៊ីរ៉ង់ទទួលខុសត្រូវឬយ៉ាងណា លោកបៃដិនបានបន្ថែមថា «ខ្ញុំពិតជាចាប់ …. ពួកគេទទួលខុសត្រូវក្នុងន័យថាពួកគេកំពុងផ្គត់ផ្គង់អាវុធ»ដល់អ្នកដែលធ្វើការវាយប្រហារ។

លោកបៃដិនបានកំពុងថ្លឹងថ្លែងលើជម្រើសនានារបស់គាត់ ហើយការរំពឹងទុកគឺថានឹងមានការវាយប្រហារសងសឹកប៉ុន្តែពេលវេលានៃការឆ្លើយតបគឺមិនច្បាស់លាស់ទេ។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកទាហានអាមេរិកបីនាក់ត្រូវបានស.ម្លា.ប់ និងយ៉ាងហោចណាស់៣៤ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូនដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់លើកងទ័ពអាមេរិកនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *