ជាដៃគូនឹងគ្នា ណាត់ដើរលេងនិងចូលផ្ទះសំណាក់ រួចសម្លាប់ប្លន់យកម៉ូតូ

កណ្ដាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយជននេះធ្វើសកម្មភាព សម្លាប់នារីម្នាក់ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ  មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯនារីរងគ្រោះមានឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ( ស្លាប់ដោយសាររឹកកនឹងខ្សែអង្រឹង ) ។ 

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេមានផែនការរួចជាស្រេច បំណងប្លន់យកម៉ូតូនារីរងគ្រោះ ដោយសារនារីរងគ្រោះនឹងរូបគេ មានទំនាក់ទំនងគ្នាស៊ីជម្រៅជាយូរមកហើយ ។​ ក្រោយគិតរួចរាល់ ខ្លួនក៏ណាត់ នារីរងគ្រោះដើរលេង ដោយនារីរងគ្រោះជិះម៉ូតូម៉ាកហុងដាប៊ីត មកទទួលខ្លួនដូចសព្វដង ។ ក្រោយពីដើរលេងរួចរហូតដល់យប់ ជនសង្ស័យក៏នាំនារីរងគ្រោះទៅផ្ទះសំណាក់ ( ឡើងឋានសួគ៌បានម្ដង ) រួចចេញពីផ្ទះសំណាក់ ដឹកនារីរងគ្រោះសម្ដៅទៅចំណុចកើតហេតុ ដែលជាទីវាលស្ងាត់ ។ 

ជនសង្ស័យបន្តថា ពេលជនរងគ្រោះភ្លេចខ្លួន ​ក៏យកខ្សែអង្រឹង ដែលទិញត្រៀមទុកក្នុងហោប៉ៅខោ ទាក់រឹកកជនរងគ្រោះពីក្រោយ ហើយទាញបង្វិលផ្កាប់មុខ រហូតដាច់ខ្យល់ស្លាប់ រួចអូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ រួចជិះម៉ូតូទៅទិញសាំងក្នុងភូមិ  មកស្រោចដុតសពជនរងគ្រោះ ហើយជិះម៉ូតូជនរងគ្រោះយកមកលក់នៅភ្នំពេញ។ 

បច្ចុប្បន្ន៖ ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *