រថយន្តធន់ធំ២គ្រឿងវ៉ាជែង ទៅកៀរម៉ូតូដួល រួចកិនបុរសម្នាក់បាត់បង់ជីវិត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូ ត្រូវរថយន្តធន់ធំកៀរនិងកិន ត្រង់ចំណុចជិតសាលាបឋមសិក្សាអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ 

ជនរងគ្រោះមានឈ្មោះ ឆែម ឈុនលីម អាយុ២៣ឆ្នាំ មានទីកំណើតនៅស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាក MSX ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1GS-664 រីឯរថយន្តបង្កម៉ាក DEAWOO ក្បាលពណ៌ខៀវ ប្រភេទសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3G-0773 ។ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្ដ ដឹកទំនិញសណ្ដោងរ៉ឺម៉កចំនួន២គ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច  ស្របទិសគ្នាជាមួយម៉ូតូជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានឡើងវ៉ា រថយន្តសណ្តោងមួយគ្រឿង ដែលនៅខាងមុខ ស្របចំពេលរថយន្តធន់ធំបង្កខាងលើ ឡើងមកវ៉ាដែរ បណ្តាលឱ្យកៀរទាក់ដៃចង្កូតម៉ូតូដួលបោក ត្រូវរថយន្តកិនទាំងម៉ូតូនិងមនុស្សតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកមធ្យោបាយ ទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ សុជាតិ BBN13

Leave a Reply

Your email address will not be published. Required fields are marked *