មន្រ្តីយោធាម្នាក់ ជិះម៉ូតូជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូរ៉េចង្កូតឡើងខឿន ទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវ ២០១១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ឈួន សេរីសួស្តី អាយុ៥៣ឆ្នាំ មុខរបរជាមន្រ្តីយោធា ឋាននន្តរសក្តិអនុសេនីយទោ នៅកងឯកភាព អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានស្រុកកំណើតនៅស្រុកជីក្រែង ខេត្តសៀមរាប ជិះម៉ូតូម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-7747 ។ 

តាមពលរដ្ឋប្រាប់ឲ្យដឹងថា គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងស្តាំដៃ ឡើងបុកខឿនចិញ្ចើមផ្លូវ ទៅបុកទម្លុះចូលរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបោកក្បាលនឹងបង្គោលស្លាកសញ្ញា ភ្លាមៗពលរដ្ឋជិតខាង បាននាំគ្នាមកជួយដែរ តែអកុសលជនរងគ្រោះ បាត់បង់ជីវិតទៅហើយ ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ ចុះមកដល់ពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុក ឯសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *