ទាហានមីយ៉ាន់ម៉ា៩៥នាក់រត់ចូលទឹកដីបង់ក្លាដែស ពេលដែលក្រុមឧទ្ទាមដេញបាញ់

បរទេស ៖ មន្ត្រីក្នុងប្រទេសបង់ក្លាដែសបាននិយាយកាលពីថ្ងៃចន្ទ ទី ៥ ខែកុម្ភៈ ថា យ៉ាងហោចណាស់ឆ្មាំព្រំដែនមីយ៉ាន់ម៉ាចំនួន ៩៥ នាក់ ដែលខ្លះបានរងរបួស បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលការប្រយុទ្ធគឺកាន់តែខ្លាំងក្លារវាងកងកម្លាំងឧទ្ទាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងរបបយោធា។

យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទ បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់ដែលបាញ់ចេញពីប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងពេលការប៉ះទង្គិចនៅទីនោះ បានធ្លាក់ឆ្លងកាត់ព្រំដែន។

ចាប់តាំងពីមានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ ២០២១ មក របបយោធាកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់ខ្លួន ដោយព្យាយាមទប់ស្កាត់ការបះបោរដ៏បង្ហូរឈាម ដែលក្នុងនោះគេមើលឃើញថា ក្រុមប្រឆាំងរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តនឹងគ្នា ដែលគាំទ្រដោយរដ្ឋាភិបាលស្រមោល បានដណ្តើមកាន់កាប់ទីតាំងយោធា និងទីប្រជុំជនជាច្រើន។

សំឡេងកាំភ្លើងអាចស្តាប់ឮពីទូទាំងព្រំដែនមីយ៉ាន់ម៉ាក្នុងសង្កាត់ទេសចរណ៍នៃទីក្រុង Cox’s Bazar ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស ជាកន្លែងដែលសមាជិកជនជាតិភាគតិចមូស្លីមជិតមួយលាននាក់មកពីមីយ៉ាន់ម៉ាកំពុងរស់នៅក្នុងជំរំខ្ទមឫស្សី បន្ទាប់ពីបានភៀសខ្លួនពីការបង្ក្រាបដោយយោធានៅទីនោះក្នុងឆ្នាំ ២០១៧។

លោក Shariful Islam អ្នកនាំពាក្យរបស់ឆ្មាំព្រំដែនបង់ក្លាដែសបាននិយាយកាលពីថ្ងៃចន្ទថា សមាជិកនៃប៉ូលិសការពារព្រំដែនមីយ៉ាន់ម៉ា (BGP) បានចូលទៅក្នុងប្រទេសបង់ក្លាដែសជាមួយនឹងអាវុធរបស់ពួកគេ ហើយ ១៥ នាក់ក្នុងចំណោមពួកគេមានរបួសដោយគ្រាប់កាំភ្លើងនៅពេលពួកគេឆ្លងកាត់ព្រំដែន ដោយបន្ថែមថា អ្នករបួសទាំងនោះបានទទួលការព្យាបាលនៅមន្ទីរពេទ្យផ្សេងៗគ្នា។

លោក Mohammed Mizanur Rahman ស្នងការទទួលបន្ទុកជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍របស់បង់ក្លាដែសដែលមានមូលដ្ឋាននៅទីក្រុង Cox’s Bazar បាននិយាយថា កងទ័ព BGP អាចត្រូវបានឱ្យស្នាក់នៅក្នុងសង្កាត់Bandarban ក្បែរនោះ មុនពេលពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។

លោក Rahman បាននិយាយថា «គេបានសួរខ្ញុំថាតើ BGP អាចត្រូវបានជ្រកកោនដោយសុវត្ថិភាពនៅក្នុងជំរំឆ្លងកាត់ដែលបានសាងសង់នៅក្នុងសង្កាត់ Bandarban សម្រាប់ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែរឬយ៉ាងណា។ ជំរំទាំងនោះគឺទទេគ្មានអ្នកនៅទេ»។

ទីភ្នាក់ងារជំនួយឈ្មោះថា វេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) បាននិយាយថា ពួកគេបានព្យាបាលមនុស្ស ១៧ នាក់ដែលរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ «បន្ទាប់ពីការប្រយុទ្ធគ្នានៅព្រំដែនបង់ក្លាដែស-មីយ៉ាន់ម៉ា»។

MSF បាននិយាយកាលពីថ្ងៃចន្ទថា «អ្នកជំងឺទាំងអស់មានស្នាមរបួសដោយគ្រាប់កាំភ្លើង។ ពីរនាក់​បាន​ស្ថិត​ក្នុង​ស្ថាន​ភាព​គំរាម​កំហែង​ដល់​អាយុ​ជីវិត ហើយ​ប្រាំ​នាក់​បាន​រង​របួស​ធ្ងន់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *