បណ្ដេញអធិការរងក្រុងកំពតម្នាក់ ចេញពីក្របខណ្ឌ

ភ្នំពេញ ៖ យោងតាមប្រកាសស្ដីពី ការបណ្ដេញចេញពីក្របខណ្ឌ មន្រ្តីនគរបាលជាតិ ចេញថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុវត្តវិន័យចំពោះ អនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ 

សូមជម្រាបថា លោក មាស ពិសិដ្ឋ ត្រូវបានស្នងការនគរបាលខេត្តកំពតរកឃើញថា បានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន ទើបគោរពស្នើសុំគោលការណ៍ ទៅថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិ ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសកងកំលាំងនគរបាលជាតិ ។ 

លោកឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា « អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។ 

ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពត បានគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិតែម្ដង។  លោកស្នងការសង្កត់ធ្ងន់ថា នេះជាសារព្រមានដល់កងកំលាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *