ការទូត​កំពុង​ដំណើរការ​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ូធី «ដកថយ»ពី​ការ​វាយ​ប្រហារ ដើម្បីជាថ្នូរបញ្ឈប់ការវាយប្រហារលើនាវា

បរទេស ៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសយេម៉ែនបាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៦ កុម្ភៈឆ្នាំ២០២៤ថា កិច្ចខិតខំប្រឹងប្រែងការទូតកំពុងដំណើរការដើម្បីព្យាយាមស្វែងរក«ការដកថយ ពីការវាយប្រហារ»សម្រាប់ក្រុមហ៊ូធីរបស់យេម៉ែន ដែលទំនងសំដៅលើការស្វែងរកដំណោះស្រាយរក្សាមុខមាត់ដើម្បីបញ្ចប់ការវាយប្រហាររបស់ពួកគេ លើនាវានៅសមុទ្រក្រហម។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Tim Lenderking បានកត់ត្រាការអត្ថាធិប្បាយរបស់គាត់កាលពីថ្ងៃសុក្រសម្រាប់សន្និសីទមួយ មុនពេលហោះទៅកាន់ប្រទេសអូម៉ង់ ដើម្បីពិភាក្សាអំពីវិបត្តិដែលបានបង្កឱ្យមានការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក និង អង់គ្លេស ប្រឆាំងនឹងទីតាំងអាវុធរបស់ក្រុមហ៊ូធី។

អូម៉ង់គឺជាអ្នកសម្រុះសម្រួលជាមួយក្រុមហ៊ូធី ដែលមានអ៊ីរ៉ង់ជាសម្ព័ន្ធមិត្ត ដែលបានគ្រប់គ្រងលើរដ្ឋធានីសាណា និងតំបន់ដែលមានប្រជាជនច្រើនជាងគេរបស់យេម៉ែននៅក្នុងសង្គ្រាមស៊ីវិលដែលបានស្ងប់ស្ងាត់ ទោះបីជាបទឈប់បាញ់ឆ្នាំ ២០២២ បានផុតកំណត់ក៏ដោយ។

ក្រុមហ៊ូធីនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃអង្គារបានប្តេជ្ញាថានឹងបង្កើនការវាយប្រហារដោយមីស៊ីល និង ដ្រូន លុះត្រាតែអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។

លោក Lenderking បាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត «កំពុងត្រូវបានធ្វើឡើងដើម្បីព្យាយាម និងស្វែងរកការដកថយពីការវាយប្រហារសម្រាប់ក្រុមហ៊ូធី ដែលអាចឱ្យស្ថានភាពល្អប្រសើរឡើង និងដើម្បីងាកចេញឆ្ងាយពីទិដ្ឋភាពរសើប»  នៃវិបត្តិសមុទ្រក្រហម។

លោកបានលើកឡើងអំពីកិច្ចពិភាក្សាដែលបានធ្វើឡើងនៅប្រទេសអូម៉ង់កាលពីសប្តាហ៍មុនដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron អនុរដ្ឋមន្ត្រីការបរទេសន័រវេស និងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិលោក Hans Grundberg ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទាំងនោះ។

លោក Lenderking បានចោទប្រកាន់អ៊ីរ៉ង់ថាបានជួយដល់ការវាយប្រហាររបស់ក្រុមហ៊ូធី ដោយផ្តល់ឱ្យពួកគេនូវអាវុធ និងការស៊ើបការណ៍សម្ងាត់ និង «កំណត់ថាតើមួយណាជាគោលដៅដែលចំណេញច្រើន»។រដ្ឋាភិបាលក្រុងតេហេរ៉ង់បដិសេធមិនបានគាំទ្រដល់ការវាយប្រហារនេះទេ។

លោក Lenderking បាននិយាយថា ការវាយប្រហាររបស់ក្រុមហ៊ូធីកាន់តែយូរ គ្រោះថ្នាក់នៃការប្រយុទ្ធជាថ្មីនៅក្នុងប្រទេសយេម៉ែនគឺកាន់តែខ្ពស់ និងរំខានដល់ការដឹកជញ្ជូនស្បៀងអាហារ និងថ្នាំដែលត្រូវការចាំបាច់នៅក្នុងប្រទេសយេម៉ែន និងហ្គាហ្សា។

លោកបាននិយាយថា ការវាយប្រហារបានរំខានដល់ពាណិជ្ជកម្មតាមសមុទ្រនៅក្នុងច្រករបៀងសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដោយបង្ខំឱ្យនាវាបង្វែរទៅកាន់ច្រក Cape of Good Hope ដោយបង្កើនអត្រាការធានារ៉ាប់រង និងជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *