រកឃើញរថយន្ត HILUX REVO ដែលបុកមនុស្សបាត់បង់ជីវិត និង របួស៣នាក់នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ រថយន្ត HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបើកបុកមនុស្សមួយគ្រួសារ៣នាក់ឪពុកនិងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ​ បណ្ដាលឱ្យកូនស្រីវ័យ១១ឆ្នាំម្នាក់​បាត់បង់ជីវិត នៅផ្លូវ៦០ម៉ែត្រ​ ខណ្ឌដង្កោ​នោះ​ ត្រូវបានសមត្ថកិច្ចរកឃើញហើយ​ នៅចំណតមុខ​អគារ​ខុនដូ R&F ផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​, តែម្ចាស់រថយន្តមិនទាន់រកឃេីញទេ​ តែសមត្ថកិច្ចបានកំណត់មុខសញ្ញាបានហើយ​ ។ 

សមត្ថកិច្ចនិយាយថា​ បុរសជាឪពុកម្នាក់ជិះម៉ូតូម៉ាកគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៌ស(មិនចាំស្លាកលេខ) បើកលឿនពេកបុកពីក្រោយម៉ូតូរបស់ជនរងគ្រោះប៉ើងខ្ទាតបោកលើថ្នល់​ និងអូសទាំងមនុស្សនិងម៉ូតូឡេីងចិញ្ចើមផ្លូវ បណ្ដាលឱ្យរបួសកូនស្រីធ្ងន់ធ្ងរ ក្រោយមកបានបាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបន្តថា ចំណែកឪពុករងរបួសធ្ងន់​ និងកូនប្រុសតូចរបួសមធ្យម ឯរថយន្តមិនបានបន្ថយល្បឿន ថែមទាំងកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទេីរទាំងស្រុង​ ហើយបន្ថែមល្បឿនបើក​រត់បាត់តែម្តង។

ហេតុការណ៍ខាងលើនេះ កើតឡើងតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន​ ហៅផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​​ កាលពីនៅវេលាម៉ោងប្រមាណ០៩និង៣៥នាទីយប់​ ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី២ ។ នៅទល់មុខចំណុចកើតហេតុ​ឃើញមានកាមេរ៉ាសុវត្ថិភាពបំពាក់លើបង្គោលភ្លើង ដែលអាចថតសកម្មភាពនិងស្លាកលេខរថយន្តពណ៌សនោះបានយ៉ាងច្បាស់ ។ 

ក្រោយពេលកើតហេតុ​ ជនរងគ្រោះទាំងបីនាក់ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកទៅពេទ្យ​ ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ។ ចំណែកក្មេងស្រីរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ​ តែក្រុមគ្រូពេទ្យក៏បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ​ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក​បានផុតដង្ហើម មិនអាចជួយសង្គ្រោះជីវិតបាន ។ 

សមត្ថកិច្ចបន្តថា បុរសជាឪពុកឈ្មោះ សោម​ សីហាក់​ អាយុ​៣៥ឆ្នាំ រងរបួសធ្ងន់​ ជាអ្នកបេីកម៉ូតូ​CUP-50 ស៊េរីចាស់​ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម​ សុវណ្ណបញ្ញាអាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ,ចំណែកកូនស្រីម្នាក់ទៀតជិះឱបចង្កេះពីក្រោយឈ្មោះ សោមបញ្ញាលីកា អាយុ១១ឆ្នាំ​ បានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ 

ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជេីងឯក​ ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការតាមជំនាញបន្តទៀត​ ។ ​សពបានតម្កល់ធ្វើបុណ្យតាមប្រពៃណី​ នៅផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ​ ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។

សមត្ថកិច្ចបន្តថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅនៅវេលាម៉ោង០៩និង៥នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្ក ត្រូវបានជនបង្កបើកយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ 

បច្ចុប្បន្នរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែកអ្នកបើកបរបង្កសមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ ហើយអំពាវនាវឱ្យអ្នកបើកបរបង្កចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *