លោកពូទីនថា ៖ ពេញចិត្តបៃដិនជាងត្រាំ ព្រោះងាយព្យាករណ៍ដឹងជាង

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃពុធទី១៤កុម្ភៈឆ្នាំ២០២៤ ថា «លោកពេញចិត្តលោក ចូ បៃដិន ជាងលោក ដូណាល់ ត្រាំ ប៉ុន្តែសុខចិត្តធ្វើការជាមួយប្រធានាធិបតីអាមេរិកណាក៏បានដែរ»។

លោកពូទីនត្រូវបានសួរដោយអ្នកសម្ភាសន៍ Pavel Zarubin ថាតើ «នរណាប្រសើរជាងសម្រាប់យើង»បើនិយាយអំពីលោកបៃដិនមកពីបក្សប្រជាធិបតេយ្យ និង លោកត្រាំមកពីគណបក្សសាធារណរដ្ឋ។

លោកពូទីនបានឆ្លើយតបដោយមិនស្ទាក់ស្ទើរថា «បៃដិន។ គាត់គឺជាមនុស្សដែលមានបទពិសោធន៍ និងអាចទស្សន៍ទាយបានច្រើនជាងអ្នកនយោបាយជើងចាស់ដទៃ»។ ញញឹមតិចៗ លោកបានបន្ថែមថា «ប៉ុន្តែយើងនឹងធ្វើការជាមួយរាល់ប្រធានាធិបតីអាមេរិកណា ដែលប្រជាជនអាមេរិកផ្តល់ទំនុកចិត្ត»។

នេះជាលើកទីមួយហើយដែលលោកពូទីនបានបញ្ចេញមតិជាសាធារណៈអំពីការប្រណាំងប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ដែលលោកបៃដិន និងលោកត្រាំ ត្រូវគេរំពឹងថានឹងប្រឈមមុខដាក់គ្នាជាលើកទីពីរ។

លោកពូទីនបាននិយាយថា «នៅពេលដែលខ្ញុំបានជួបជាមួយលោកបៃដិននៅប្រទេសស្វីស  ជាការពិត គឺកាលពីបីឆ្នាំមុន មនុស្សម្នាបាននិយាយថាគាត់មិនសមនឹងតំណែងប្រធានាធិបតី។ ខ្ញុំមិនយល់ឃើញបែបនោះទេ»។

ខណៈហាក់បីដូចជាការពារលោកបៃដិន គាត់បានលើកយករឿងមួយដែលធ្វើឲ្យមេដឹកនាំអាមេរិកអាម៉ាស់មុខយ៉ាងខ្លាំង គឺនៅពេលដែលបៃដិនបានជល់ក្បាលពេលកំពុងចុះពីឧទ្ធម្ភាគចក្រកាលពីខែមិថុនាឆ្នាំមុន។

លោកពូទីនបាននិយាយ «មែនហើយ តើពួកយើងមួយណាដែលថាមិនធ្លាប់ជល់ក្បាលនឹងកន្លែងណាមួយនោះ?»។

លោកបាននិយាយថា ត្រាំ «ត្រូវបានគេហៅថាជាអ្នកនយោបាយមិនមានប្រព័ន្ធ គាត់មានទស្សនៈផ្ទាល់ខ្លួនរបស់គាត់លើប្រធានបទអំពីរបៀបដែលសហរដ្ឋអាមេរិកគួរអភិវឌ្ឍទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *