បើករថយន្តបង្កគ្រោះថ្នាក់ចរាចរហើយ មិនព្រមឈប់រត់ទៅបុកបង្គោលភ្លើង រួចពលរដ្ឋវាយទ្រោមខ្លួន

ភ្នំពេញ ៖ រថយន្តមួយគ្រឿងបានបង្កគ្រោះថ្នាក់ចរាចរ ហើយមិនព្រមឈប់ប្រឹងបើករត់ ជ្រុលទៅបុកបង្គោលភ្លើង ពលរដ្ឋចាប់បាននាំគ្នាវាយទ្រោមខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវ២០០៤សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាចំណុចឃាត់បាន ។ 

រថយន្តបង្ក ម៉ាកLexusGS300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-1927 បើកបរដោយបុរសម្នាក់ ជាជនជាតិបរទេស រួមដំណើរនារី០៣នាក់ ជាជនបរទេស ។ 

ប្រភពព័ត៌មានបានឱ្យដឹងថារថយន្តខាងលើ បានប៉ះជាមួយរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស នៅខណ្ឌដូនពេញ ម្តុំមុខវត្តបុទុម រួចព្យាយាមបើករត់ ដោយពលរដ្ឋនាំគ្នាដេញតាមពីក្រោយរហូត ដល់មហាវិថីព្រះមុន្នីរ៉េត ក្បែរស្តុបអាងទឹក ក៏ជ្រុលទៅប៉ះរថយន្ត០២គ្រឿងទៀត ហើយរថយន្តនៅតែបន្តបើករត់មកដល់ផ្លូវ២០០៤ ក្បែរស្តុបណតប្រ៊ីត ជ្រុលបុកបង្គោលភ្លើងទៅមុខលែងរួច ហើយពលរដ្ឋបានវាយទាត់ធាក់តៃកុងរថយន្ត រងរបួសទ្រោមខ្លួន ។ 

ភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍បញ្ចប់អំពើហិង្សា រួចយកអ្នកបើកបរនិងអ្នករួមដំណើរ ទៅស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសួរនាំបន្ត និងវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ ៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *