សន្និសីទសារព័ត៌មាន បង្ហាញករណីជនសង្ស័យ០២រូប

ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ  រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន​ ២នាក់​ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ​ នៅខេត្តព្រះសីហនុ ។ 

សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន​ ២នាក់​ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល​ និងទីតាំងផ្សេងៗទៀត​ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ 

សមត្ថកិច្ចបន្តថា តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ​ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។  ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ​ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។ 

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង​ ២នាក់​ ខាងលេី​ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច,​ កាំភ្លើងជ័រ,​ សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ​,​ សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។  បច្ចុប្បន្នជនសង្ស័យទាំង​ ២នាក់​ ខាងលេី​ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *