សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះដោយមិនរំពឹងទុក ខណៈអាល្លឺម៉ង់វ៉ាមកសេដ្ឋកិច្ចលេខ ៣ លើពិភពលោក

បរទេស​ ៖ ជប៉ុនបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយមិននឹកស្មានដល់នៅចុងឆ្នាំមុន ដោយបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោកទៅអាល្លឺម៉ង់ និងបង្កើនមន្ទិលអំពីពេលណាទើបធនាគារកណ្តាលនឹងចាប់ផ្តើមចាកចេញពីគោលនយោបាយរូបិយវត្ថុធូររលុងជ្រុលហួសប្រមាណអស់រយៈពេលមួយទសវត្សរ៍របស់ខ្លួន។

អ្នកវិភាគមួយចំនួនកំពុងព្រមានពីការធ្លាក់ចុះមួយផ្សេងទៀតនៅក្នុងត្រីមាសបច្ចុប្បន្ន ដោយសារតម្រូវការខ្សោយនៅក្នុងប្រទេសចិន ការប្រើប្រាស់ធ្លាក់ចុះ និងការបញ្ឈប់ផលិតកម្មនៅអង្គភាពមួយរបស់ក្រុមហ៊ុន Toyota Motor Corp ដែលទាំងអស់នេះចង្អុលបង្ហាញពីផ្លូវដ៏លំបាកឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោក Yoshiki Shinke សេដ្ឋវិទូប្រតិបត្តិជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវជីវិត Dai-ichi បាននិយាយថា «អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសគឺការធ្លាក់ចុះនៃការប្រើប្រាស់ និងការចំណាយមូលធន ដែលជាសសរស្តម្ភសំខាន់នៃតម្រូវការក្នុងស្រុក។ សេដ្ឋកិច្ចនឹងបន្តខ្វះសន្ទុះសម្រាប់ពេលបច្ចុប្បន្នដោយសារមិនមានកត្តាជំរុញសំខាន់ៗនៃកំណើនទាំងនេះ»។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ កុម្ភៈ ថា ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនបានធ្លាក់ចុះ ០,៤ ភាគរយប្រចាំឆ្នាំក្នុងអំឡុងខែតុលាដល់ខែធ្នូ បន្ទាប់ពីការធ្លាក់ចុះ ៣,៣ ភាគរយនៅក្នុងត្រីមាសមុននេះដែលខុសពីការព្យាករណ៍ទីផ្សារកើនឡើង ១,៤ ភាគរយ។ ការធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា ជាធម្មតាត្រូវបានចាត់ទុកថាជានិយមន័យនៃវិបត្តិបច្ចេកទេស។

ខណៈពេលដែលអ្នកវិភាគជាច្រើននៅតែរំពឹងថាធនាគារកណ្តាលជប៉ុននឹងបញ្ឈប់ការជំរុញរូបិយវត្ថុដ៏ធំរបស់ខ្លួននៅឆ្នាំនេះ ទិន្នន័យខ្សោយអាចនឹងធ្វើឱ្យមានការសង្ស័យលើការព្យាករណ៍របស់ខ្លួនថាការកើនឡើងប្រាក់ឈ្នួលនឹងគាំទ្រដល់ការប្រើប្រាស់ និងរក្សាអតិផរណាឱ្យស្ថិតនៅរង្វង់គោលដៅ ២ ភាគរយរបស់ខ្លួន។

លោក Stephan Angrick សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Moody’s Analytics បាននិយាយថា «ការធ្លាក់ចុះចំនួនពីរត្រីមាសជាប់គ្នានៃផលិតផលក្នុងស្រុកសរុប និងការធ្លាក់ចុះចំនួនបីត្រីមាសជាប់ៗគ្នានៃតម្រូវការក្នុងស្រុកគឺជាព័ត៌មានអាក្រក់ បើទោះបីជាការកែប្រែអាចផ្លាស់ប្តូរខ្លះនៅចុងក្រោយក៏ដោយ។ នេះ​ធ្វើ​ឱ្យ​ធនាគារ​កណ្តាល​ពិបាក​ក្នុង​ការ​បញ្ជាក់​អំពី​ការ​ដំឡើង​អត្រាការ​ប្រាក់ នេះមិនគិតអំពីការ​ដំឡើង​ជា​បន្តបន្ទាប់ផង»។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Yoshitaka Shindo បានសង្កត់ធ្ងន់លើតម្រូវការដើម្បីសម្រេចបាននូវកំណើនប្រាក់ឈ្នួលដ៏រឹងមាំ ដើម្បីគាំទ្រដល់ការប្រើប្រាស់ ដែលលោកបានពណ៌នាថា «ខ្វះសន្ទុះ ដោយសារការកើនឡើងតម្លៃ»។

លោកបានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីការចេញផ្សាយទិន្នន័យ នៅពេលសួរអំពីផលប៉ះពាល់លើគោលនយោបាយរបស់ធនាគារកណ្តាល យ៉ាងដូច្នេះថា «ការយល់ដឹងរបស់យើងគឺថា ធនាគារកណ្តាលជប៉ុនមើលយ៉ាងទូលំទូលាយលើទិន្នន័យផ្សេងៗ រួមទាំងការប្រើប្រាស់ និងហានិភ័យដល់សេដ្ឋកិច្ចក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ»។

ទិន្នន័យបានបង្ហាញថា ផលិត​ផល​ក្នុង​ស្រុក​សរុបចារឹក(Nominal GDP) របស់ជប៉ុនមានចំនួន ៤,២១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣ ដោយធ្លាក់ចុះក្រោម ៤,៤៦ ទ្រីលានដុល្លារសម្រាប់អាល្លឺម៉ង់ មកនៅចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *